ភ្នំពេញៈ នារីម្នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ស្របទិសគ្នាជាមួយរថយន្តដឹកឥដ្ឋ ក៏ត្រូវបានរថយន្តទាក់ដៃចង្កូតដួលបោកចូលខាងក្រោមរថយន្តបណ្តាលឲ្យកិនក្បាលបែបក្បាលភ្លាមៗយ៉ាងអាណោចអាធ័ម។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខរោងចក្រ៣ជាន់ ក្រុម៧ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ ឡៃ ស្រីនាង អាយុ ២០ឆ្នាំ មុខរបរ អ្នករត់តុ មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួន ខណ្ឌសែនសុខ។ ចំណែកឯម្ចាស់រថយន្តបង្ក ក្រោយពីកើតហេតុបានរត់គេខ្លួនបាត់។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក ឃ្លិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-8720 ដោយធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៥ ខណៈពេលដែលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0292 ចំណុះ ១តោនកន្លះ បានបើកមកទាក់ដៃចង្កូតម៉ូតូបណ្តាលឲ្យដួលចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗតែម្តង។ ក្រោយពីកើតហេតុ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានធ្វើការទំនាក់ទំនងទៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។
ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួចមក បានប្រគល់សាកសពទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕
https://youtu.be/zkMtIhMiAsc
មតិយោបល់