ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ ព្រលះម៉ូតូ១គ្រឿងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បុកចំពីក្រោយ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយរថយន្តក្រឡុកស៊ីម៉ង់ត៍១គ្រឿងបើកទៅបុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ ហុច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិព្រៃសណ្ដែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ប្រភពពីសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍១គ្រឿងមិនចាំស្លាកលេខ ពេលមកដល់កន្លែងកើតហេតុ បានជ្រុលចង្កូត ទៅបុកម៉ូតូខាងលើ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យស្លាប់នៅនឹងកន្លែកើតហេតុ ក្រោយពេលកើតហេតុរថយន្តនោះបានបើករត់គេចបាត់។

បច្ចុប្បន្នសពត្រូវសមត្ថកិច្ចជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅស្នងការខណ្ឌបណ្តោះអាសន្ន៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់