បាត់ដំបងៈ ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានអនុវត្តដីកាបង្គាប់របស់តុលាការ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៩និង១០នាទី ត្រង់ចំណុចភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ កន្ទឺ១ បានចាប់ខ្លួនបុរសម្នាក់ដែលជាជនដៃដល់ក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីជាង៤ឆ្នាំមុន មកឃុំខ្លួនតាមអំណាចដីកាបង្គាប់លេខ ១៤១ត.ព្រ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៦ របស់ចៅក្រមជំនុំជម្រះតុលាការខេត្តបាត់ដំបង លោកធ្ធាំ ប៉ុណ្ណា បានបង្គាប់ឲ្យចាប់ឃុំខ្លួន ឈ្មោះផល សុផាន់ណា ហៅ ប្រុញ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ដោយចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១២ នៅចំណុចភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយប្រើប្រាស់កាំបិតកាប់លើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ធ្ងរ រួចបានរត់គេចខ្លួនបាត់ពីមូលដ្ឋាន។
រាត្រីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិទួលថ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ មានពិធីបុណ្យក្នុងភូមិដោយការចាក់ធុងបាស់រាំកម្សាន្តកំដរក្នុងពិធី។ ដោយសារសំឡេងធុងបាស់ញ័រកន្រ្តាក់ បានអន្ទងបុរសឈ្មោះ ផល សុផាន់ណា ហៅ ប្រុញ ដែលសម្ងំលាក់ខ្លួនពួនអាត្មាអស់រយៈពេលជាង៤ឆ្នាំកន្លងមកហើយ លបចេញមកបង្ហាញវត្តមានក្នុងបរិវេណរាំធុងបាសដែលជាឱកាសធ្វើឲ្យនគរបាលក្របួចជាប់នាពេលនោះតែម្តង។
លោកវរសេនីយ៍ទោ ប៉ាន វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានឲ្យដឹងថា ប្រតិបត្តិការមួយនេះ បើមិនមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទេ នគរបាលពិតជាពិបាកក្នុងការចាប់ខ្លួនជនល្មើសនេះណាស់ ហើយលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាបន្តចូលរួមបន្តទៀតជាមួយសមត្ថកិច្ចនគរបាល។
ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការនគរបាលយុត្តិធម៌បានបញ្ជាក់ថា ជនល្មើសរូបនេះនឹងរៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ហើយលោកប្តេជ្ញាបន្តជំរុញអនុវត្តនូវអំណាចដីការបស់តុលាការជាបន្តទៀត ដើម្បីនាំយកជនល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់៕
មតិយោបល់