ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រារព្ធពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៥៦ អនក្រ.បក ស្តីពីការគ្រប់គ្រង មន្ត្រីរាជការ ស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងវិធានការណែនាំផ្សេងៗ លើឯកសារពាក់ព័ន្ធនឹងការងារគ្រប់គ្រងបុគ្គលិក ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា “ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ អង្គភាពជំនាញនីមួយៗ បាននិងកំពុងពង្រឹងការគ្រប់គ្រងវត្តមានរបស់មន្រ្តីរាជការឱ្យមកបំពេញការងារបានជាប់លាប់ និងបានយកចិត្តទុកដាក់លើការការពារផលប្រយោជន៍ និងការលើកទឹកចិត្តមន្រ្តីរាជការមានជាអាទិ៍ ការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ការផ្តល់គ្រឿងឥស្សរិយយស ការកសាងសមត្ថភាពជូនមន្រ្តីរាជការនិងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តពីការផ្តល់សេវាសាធារណៈ”។
ក្រសួងក៏បានណែនាំ ដល់គ្រប់អង្គភាពក្រោមឱវាទឱ្យបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តនូវសារាចរ សេចក្តីសម្រេច សេចក្តីណែនាំ និងលិខិតពាក់-ព័ន្ធ នឹងការងារគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាផងដែរ ហើយទន្ទឹមនឹងការដាក់ចេញនូវការណែនាំ ក្រសួងក៏មានយន្តការតាមដានការអនុវត្ត ដោយមាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស និងអគ្គាធិការដ្ឋានជាសេនាធិការផ្ទាល់ ក្នុងការចុះត្រួតពិនិត្យមន្រ្តីរាជការនៅតាមអង្គភាពក្រោមឱវាទ។ លើសពីនេះដើម្បីឲ្យអង្គភាពក្រោមឱវាទក្រសួងយល់ឱ្យបានស៊ីជម្រៅទៅលើខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យនេះ ចាំបាច់ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយនេះឡើង ដោយបានអញ្ជើញអ្នកជំនាញពីក្រសួងមុខងារសាធារណៈ ដើម្បីមកធ្វើបទបង្ហាញ និងបកស្រាយរាល់ចម្ងល់របស់អ្នកចូលរួម។
រដ្ឋមន្រ្តីកសិកម្មក៏បានស្នើឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យ និងមានវិធានការសមស្រប ដើម្បីពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ដោយត្រូវធ្វើបញ្ជីសម្រង់វត្តមានឱ្យបានហ្មត់ចត់។ ប្រធានអង្គភាពត្រូវទទួលខុសត្រូវផ្ទាល់ចំពោះមន្រ្តីក្រោមឱវាទដែលមិនបានមកបំពេញការងារ ឬ មកបំពេញការងារមិនទៀងទាត់ ឬអវត្តមានដោយគ្មានមូលហេតុ។ ទន្ទឹមនឹងការគ្រប់គ្រងវត្តមាន អង្គភាពនីមួយៗ ក៏ត្រូវរៀបចំបែងចែកការងារទៅតាមមុខតំណែងនិងភារកិច្ចដល់មន្រ្តីរាជការគ្រប់រូបឱ្យមានការងារ អនុវត្តប្រកបដោយសមធម៌ ដោយត្រូវចេះច្នៃប្រឌិត និងបង្កលក្ខណៈតាមគ្រប់រូបភាព ដើម្បីឱ្យមន្រ្តីរាជការក្រោមឱវាទមានមធ្យោបាយបម្រើការងារបានសមរម្យ ព្រមទាំងត្រូវចេះបង្កើតបរិយាកាសការងារល្អនៅតាមអង្គភាពរបស់ខ្លួនក្នុងស្មារតីសាមគ្គីភាព និងភាតរភាព។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំវេទិកាកសិកម្ម ដើម្បីកសាងភាពជាដៃគូររវាងក្រសួងជាមួយអ្នកពាក់ព័ន្ធជាពិសេសវិស័យឯកជន និងសង្គមស៊ីវិលនៅមុនការរៀបចំសន្និបាតកសិកម្មនៅដើមឆ្នាំក្រោយ៕
មតិយោបល់