ព័ត៌មានជាតិ

ពលរដ្ឋ ម្នាក់ស្លាប់ ក្នុងហេតុការណ៍បាក់រណ្តៅរ៉ែមាស នៅស្រុកភ្នំព្រឹក

(​បាត់ដំបង) ៖ សាកសព​បុរស​​ វ័យ​ចំណាស់​ម្នាក់​ ត្រូវ​បាន​យកចេញ​ពីរ​ណ្តៅ​រ៉ែ​មាស​ ​ ​បន្ទាប់ពី​ ពួកគេ​​បាន​នាំគ្នា​ចុះ​ទៅ​ក្នុង​រណ្តៅ​ដើម្បី​រុករក​រ៉ែ​មាស ​ ​​ក្នុង​​តំបន់​ហាមឃាត់​របស់​អង្គភាព​ជំនាញ ​​​​ក៏​បាក់​ដី​សង្កត់​ស្លាប់​ ។
​សេច​ក្ដី​រាយការណ៍​ ​បាន​ឲ្យ​ដឹង​ថា ​ នៅ​វេលា​ប្រមាណ​ជា​ ម៉ោង​០០​និង​៣០​នាទី ​ រំលង​អា​ធ្រា​ត្រ ​ឈានចូល​ថ្ងៃទី​១ ខែមេសា​នេះ ​មាន​ប្រជាពលរដ្ឋ​ ចំនួន​៤​នាក់ ដែល​រស់នៅ​ភូមិ​អូរ​ល្ហុង ​​ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ​ ខេត្តបាត់ដំបង បាន​នាំគ្នា​រុក​ព្រៃ​ចូល​ទៅ​កាន់​តំបន់​រុករក​រ៉ែ​មាស ​​ ដែល​មាន​ទីតាំង​ទល់មុខ​ នឹង​ភូមិ​ថ្នល់​បត់​ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ។

ក្នុងការ​រុករក​នេះ ​ ពួកគេ​បាន​ចាប់ផ្តើម​ចុះទៅ​ក្នុង​រណ្តៅ​ចាស់​ដែល​ត្រូវ​គេ​បោះបង់​ ដើម្បី​ធ្វើការ​គាស់​កកាយ​យក​រ៉ែ​មាស​ចេញពី​រណ្តៅ​ ។ នៅពេល​នោះដែរ​ គឺ​ជនរងគ្រោះ​ ឈ្មោះ នួន ទ្រា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ​ រស់នៅ​ភូមិ​អូរ​ល្ហុង ​ជា​អ្នក​ចុះទៅ​ក្នុង​បាត​រណ្តៅ​ ដែល​មាន​ជម្រៅ​ជ្រៅ​បង្គួរ ។

មួយសន្ទុះ​ក្រោយមក​ក៏​មាន​ការ​ឆោឡោ​ឡើង ​ ដោយសារតែ​រណ្តៅ​ដែល​ជនរងគ្រោះ​កំពុង​ចុះ​នោះបាន​ បាក់​ដី​យ៉ាង​ធំ​សង្កត់​ទៅ​លើ​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ​ក្នុង​បាត​រណ្តៅ​ធ្វើ​ឲ្យមាន​ការ​ថប់ដង្ហើម​ស្លាប់​ភ្លាមៗ​ផងដែរ ​ ហើយ​ក្រុម​បក្ខពួក​ដែល​នៅ​សេសសល់​ ចំនួន​៣​នាក់​ បាន​ខំប្រឹង​ប្រែង​ជួយ​ជីក​កកាយ​ដើម្បី​ទាញ​យក​ជនរងគ្រោះ​ឲ្យ​ចេញ​ផុត​ពី​បាត​រណ្តៅ​ប៉ុន្តែ​ពួកគេ​មិន​អាច​ទាញ​យក​បានឡើយ ​ គឺ​រហូតដល់​ព្រឹក​ទើប​យក​សពបាន ៕
   
   

មតិយោបល់