(តាកែវ) ៖ ផឹកស៊ី ទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច បង្កជាអំពើហិង្សា បានកើតឡើង បណ្តាលឲ្យបុរសម្នាក់បែកក្បាលហូរឈាមស្រោចពេលខ្លួន ជនបង្កត្រូវជាប់ខ្នោះ។
ករណីហិង្សានេះ កើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកន្លែងជីកស្រះទឹកម៉ុងសក្តិ៍ប្រាំ ភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជនសង្ស័យជាអ្នកបង្កឈ្មោះ រ៉ុង ពេជ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នមកស្នាក់នៅធ្វើការនៅកន្លែងកើតហេតុខាងលើ ចំណែកជនរងគ្រោះឈ្មោះ គង់ ផល្លី អាយុ៣០ឆ្នាំ រស់នៅភូមិសំបួរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ និងជនរងគ្រោះបានជួបជុំគ្នាផឹកស្រាជាមួយគ្នា ហើយក៏បានទាស់ពាក្យសម្តីគ្នាតិចតួច ភ្លាមៗនោះជនសង្ស័យបានហក់ទៅទាញពូថៅកាប់ទៅលើជនរងគ្រោះបានពីរពូថៅបណ្តាលឲ្យរងរបួសបែកក្បាលយ៉ាងដំណំ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានចាប់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់