សៀមរាបៈ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងវត្ថុតាងមួយចំនួន ពីបទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់(ឆក់ត្រី)កាលពីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចត្រពាំងស្រែល្បេត ស្ថិតនៅក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្រុកស្វាយ លើបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១.ឈ្មោះ ហុង ហាក់ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាបុគ្គលិក អាជ្ញាធរអប្សរា រស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ និងទី២.ឈ្មោះ វង់ ពៅ ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរជាកម្មករ រស់នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី បានបន្ថែមថា វត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានរួមមាន ម៉ូទ័រឆក់ត្រី១ អាគុយ១ ម៉ូតូជិះធ្វើសកម្មភាពល្មើស១ កាំភ្លើងខ្យល់២ដើម និងរបស់របរមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច នាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងបញ្ជូនទៅកាន់មន្ទីរជំនាញជលផលខេត្តសៀមរាប នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សាកសួរបន្ថែម ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធីច្បាប់៕




មតិយោបល់