ព័ត៌មានជាតិ

លួចម៉ូតូប្រជាពលរដ្ឋមិនសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប្រចាំផ្សារសួង ធ្វើការចាប់ឃាត់ខ្លួន បានភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច ហើយព្យាយាមបើកគេចខ្លួន បន្តឆែកឆេររកឃើញ ថ្នាំញៀននៅជាប់នឹងខ្លួន ១កញ្ចប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ចយ ពៅ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិពោង ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ដែលជាម៉ូតូរបស់ជនរងគ្រោះឈ្មោះ ប៉ែន ស្រស់ ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ,សោរអក្សរT លេខ8 ចំនួន០១,ទុរវីសឆាប សម្រាប់កាច់សោរម៉ូតូចំនួន០៣,កូនសោរម៉ូតូចំនួន១ រួមនឹងថ្នាំញៀន០១កញ្ចប់។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាសេ១២៦ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ កំពង់ចាម 1M-2930 យកមកទុកនៅខាងមុខផ្ទះ ខណ:នោះស្រាប់តែមានជនសង្ស័យខាងលើ បានធ្វើសកម្មភាពកាច់សោរកម៉ូតូជនរងគ្រោះបានសម្រេច ហើយប្រញាប់បើកគេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះឃើញទាន់ ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ រួមនឹងកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅផ្សារសួង បានឃើញក៏ដេញធ្វើការចាប់ឃាត់ខ្លួនបានតែម្តង ដោយឆែកឆេររកឃើញថ្នាំញៀនចំនួន០១កញ្ចប់នៅជាប់នឹងខ្លួនថែមទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចាត់ការតាមផ្លូវច្បាប់៕

កាច់កម៉ូតូ

កាច់កម៉ូតូ

កាច់កម៉ូតូ

កាច់កម៉ូតូ

មតិយោបល់