ភ្នំពេញៈ ពលរដ្ឋក្រីក្រនិងចាស់ជរា ចំនួន៣៩គ្រួសារ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទទួលអំណោយពី សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជា ប្រចាំខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
អំណោយដែលត្រូវបានយកមកឧបត្ថម្ភចែកជូនប្រជាជនទាំងនោះ ជាក់ស្តែងនៅក្នុងគ្រួសារនីមួយៗ បានទទួលនូវស្រោមសំបុត្រ១ដែលមានលុយចំនួន៣ម៉ឺនរៀល អង្ករ១បាវ ទម្ងន់៣០គីឡូក្រាម និងមីកញ្ចប់ចំនួន១កេស ត្រីខកំប៉ុង១យួ ចំនួន១០កំប៉ុង និងកញ្ចប់សម្ភារៈចំនួន១ ក្នុងនោះមាន មុង១ ក្រមា១ សារុង១ ភួយ១។
ក្នុងឪកាសនោះ លោក ប៉ឹល កុសល បានមានប្រសាសន៍ សំណេះសំណាល និងពាំនាំនូវការសួរសុខទុក្ខលំបាក របស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដល់ប្រជាជនទាំងនោះ ប្រកបដោយភាពទន់ភ្លន់ រួសរាយ ដែលនាំឲ្យប្រជាជនមានការគោរព ស្រលាញ់និងបង្កើននូវភាពជឿជាក់កក់ក្តៅ បន្ថែមទៀតផង មកលើលោក ជាអាជ្ញាធរមូលដ្ឋានដែលជាតំណាងរបស់សម្តេច ដែលបានយកចិត្តទុក្ខដាក់ចំពោះពួកគាត់ ដែលកំពុងជួបការលំបាកនៅក្នុងគ្រាលំបាក។
លោកអភិបាល ក៏បានបញ្ជាក់ថា ប្រភពអំណោយទាំងនេះ ក៏មានការចូលរួមជួយឧបត្ថម្ភពីព្រះសង្ឃ នៅតាមវត្តខ្លះៗផងដែរ ដែលមានបំណងជួយដល់ប្រជាជនក្រីក្រនានាតាមរយៈអនុសាខាកាកបាទ ក្រហមកម្ពុជា ប្រចាំខណ្ឌសែនសុខ។
ជាមួយគ្នានេះដែរលោកអភិបាលបានណែនាំ បំផុសគំនិតដល់ប្រជពលនៅទីនោះឲ្យចេះធ្វើកសិកម្ម បន្ថែមបន្ទាប់បន្សំដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ដូចជា ដាំដុះបន្លែបង្ការ ឬចិញ្ចឹមសត្វមាន់ទា ឬ ជ្រូក ផ្សេងៗទៀត…។
ឆ្លើយតបទៅនឹងវត្តមាននៃការនាំយកអំណោយមកចែកជូនបងប្អូនប្រជាជនដែលកំពុងជួបទុក្ខលំបាកនេះ លោកអភិបាលខណ្ឌបានពន្យល់ប្រាប់ជូនពួកគេថា ទាំងនេះគឺជាឆន្ទៈរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែណែនាំឲ្យលោកយកចិត្ត ទុក្ខដាក់ដល់ប្រជាជននៅក្នុងមូលដ្ឋាន ជាពិសេសជនរងគ្រោះនិងជនចាស់ជរា ឬទីទ័លក្រតែងតែបាន
ទទួលនូវការឧបត្ថម្ភ នូវស្បៀងអាហារនិងសម្ភារៈ ប្រើប្រាស់ផ្សេងៗមួយចំនួនពី សម្តេចតាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ។ លោកក៏បានជំរាបជូន និង សូមអធ្យាស្រ័យចំពោះប្រជាពលរដ្ឋមួយចំនួនទៀត ដែលពុំទាន់បានអំណោយ ព្រោះអាជ្ញាធរតម្រូវការឲ្យតែអ្នកដែលរងគ្រោះ ជាក់ស្តែងមុនសិន ហើយនឹងផ្តល់ជូនឲ្យនៅវគ្គក្រោយៗទៀត ។
លោកអភិបាលបានពន្យល់ថា នេះជាឆន្ទៈដ៏ល្អរបស់សម្តេច និងជាគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជាផងដែរ ដែលបានជួយសង្គ្រោះប្រជាជនឲ្យរួចផុតពី របបផ្តាច់ការ ប៉ុលពត តាំងពីឆ្នាំ១៩៧៩ ឲ្យមានជីវិតរស់នៅដោយសេរីភាព រហូតសព្វថ្ងៃ និងតែងតែតាមជួយឧបត្ថម្ភដល់ប្រជាជន អ្នករងគ្រោះឬមានជីវភាពក្រីក្រថែមទៀតផងដែរ ដូចជាពេលនេះ គឺជួយទូទាំងប្រទេស គ្រាន់តែមាន
លក្ខណៈទ្រង់ទ្រាយធំឬតូច ទៅតាមស្ថានភាពជាក់ស្តែង ដែលតាមធម្មតា ទ្រង់ទ្រាយធំទើប សម្តេចចុះមកចែកផ្ទាល់ ហើយទ្រង់ទ្រាយតូចគឺឲ្យតំណាងរបស់សម្តេចមកចែកជូនជំនួស ឬតាមរយៈប្រធាន អនុសាខា កាកបាទក្រហមកម្ពុជា នៅតាមតំបន់ខេត្តក្រុងនានា ។
ប្រជាពលរដ្ឋទាំងនោះបាននាំគ្នាសម្តែង នូវទឹកមុខសប្បាយរីករាយនៅក្នុងពិធីនេះ ក្រោយពីទទួលបានការសួរសុខទុក្ខរាក់ទាក់ដោយភាពស្និទ្ឋស្នាល ព្រមទាំងជួយទំនុកបម្រុងស្បៀងអាហារក្នុងគ្រាជួបនូវ ទុក្ខលំបាកបែបនេះ ខុសពីគណបក្សដទៃទៀតបានតែនិយាយភូតកុហកដើម្បីកេងចំណេញ ផ្នែកនយោបាយ របស់ខ្លួនប៉ុណ្ណោះ មិនដែលបានជួយអ្វីជូនប្រជាជនឡើយ ៕
មតិយោបល់