ភ្នំពេញៈ រដ្ឋបាលជលផល នៅថ្ងៃទី៤ វិច្ឆិកានេះ បានបង្ហាញនូវតួលេខនៃការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ក្នុដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងរយៈពេល១០ខែគិតត្រឹមថ្ងៃទី៣០ខែតុលា ក្នុងឆ្នាំ២០១៦ សំណុំរឿងបទល្មើសជលផលសរុបចំនួន ២.៩០៧ករណី មានការថយចុះចំនួន ៣១៦ករណីបើធៀបនិងឆ្នាំ២០១៥កន្លងទៅ។
លោក អេង ជាសាន្ត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធាននាយកដ្ឋានជលផល បានឲ្យដឹងនៅក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ការងារបង្រ្កាបបទល្មើសជលផល ក្នុងរដូវបិទនេសាទនៅថ្ងៃនេះថា ក្នុងចំណោមបទល្មើទាំងអស់នោះ រដ្ឋបាលជលផលបាន បញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៥១ករណី បញ្ជូនជនសង្ស័យទៅតុលាការចំនួន ១២២នាក់ និងជាប់ពន្ធនាគារចំនួន ៥៧នាក់ ក្នុងនោះពិន័យអន្តរការណ៍ចំនួន១០១ករណី ស្មើនិងទឹកប្រាក់ចំនួន ១៦៦.៦០៥.០០០រៀល រឹបអូសនិងបំផ្លាញវត្ថុតាងចោលចំនួន ២.៦៥៥ករណី។
លោកប្រធាននាយកដ្ឋានជលផលបន្តថា វត្ថតាងដែលយើងរឹបអូសនិងបំផ្លាញចោលទាំងនោះរួមមាន “របាំង ស្បៃមុង និងសាច់អួនប្រវែង ១.០០៩.២៣៣ម៉ែត្រ លូ ស្បៃមុង និងសាច់អួនចំនួន ១៩.៣៨៧ មាត់ ឧបករណ៍ឆក់ត្រីចំនួន ២៨៤គ្រឿង សម្រាស់ ៧៦.៩០៩ ម៉ែត្រក្រឡា បង្គោលចម្រឹងចំនួន ៥០៨.៥៩១ដើម លបពោះវៀនជ្រូក លបកន្ទុយកណ្តុរ ២.២១៨គ្រឿង ចាក់លែងកូនត្រីចម្រុះចូលធម្មជាតិវិញចំនួន ៩១.៤៤១ គីឡូក្រាមនិងផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តិចំនួន១៤៦វគ្គ និងមានអ្នកចូលរួមជិត៥ពាន់នាក់”៕
មតិយោបល់