ព័ត៌មានជាតិ

ចោរឆ្លៀតឱកាស គាស់បន្ទប់លួចឥវ៉ាន់ ត្រូវម្ចាស់មកទាន់ចាប់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប្រជាការពារពលរដ្ឋដេញចាប់ខ្លួនបាន បន្ទាប់ពីគាស់សោបន្ទប់ជួល ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែសំណាងល្អ ពេលដែលជនសង្ស័យកំពុងតែប្រមូលឥវ៉ាន់ និងបម្រុងអូសម៉ូតូចេញ ម្ចាស់មកទាន់ ស្រែកផ្អើលអ្នកជិតខាង នាំគ្នាជួយដេញចាប់បានភ្លាមៗ កាលពីវេលាម៉ោង១និង២០ នាទីរសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួល ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុច ចាន់តារា ហៅស្វិត ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ ពេលចាប់បានភ្លាម សមត្ថកិច្ចឆែកឆេរ នៅខ្លួនជនសង្ស័យ រកឃើញឧបករណ៍ សម្រាប់ចាច់សោកម៉ូតូ និងសម្ភារ: ដែលជនសង្ស័យ ប្រមូលយកមួយចំនួនទៀត។ ចំណែកម្ចាស់បន្ទប់មានឈ្មោះ លឹម សុខលី ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខB២ ក្រុម១ ភូមិកើតហេតុខាងលើ មានកូនចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ រស់នៅជាមួយ មានស្រុកកំណើត ភូមិព្រែកប្រលូង ឃុំសោក ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

តាមការរៀបរាប់ពីស្រ្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ បន្ទាប់ពីជូនកូនប្រុសទៅសាលារៀនហើយ យកម៉ូតូដាក់ក្នុងបន្ទប់ ហើយនាំកូនស្រីតូច២នាក់ដើរលេងផ្ទះអ្នកជិតខាង ដោយចាក់សោបន្ទប់ត្រឹមត្រូវ លុះប្រមាណជាង១០នាទីក្រោយមក វិលមកបន្ទប់ជួលវិញ ស្រាប់តែឃើញទ្វារចំហ ក៏អើតមើលឃើញជនសង្ស័យកំពុងប្រមូលឥវ៉ាន់ច្រកថង់ និងចាប់អូសម៉ូតូ ឃើញដូច្នោះ ស្រែកផ្អើលអ្នកជិតខាង ធ្វើឲ្យជនសង្ស័យព្យាយាមរត់គេច តែត្រូវបានអ្នកជិតខាង និងប្រជាការពារ ដេញចាប់បានភ្លាមៗ ប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍។

ក្រោយពីឃាត់បានជនសង្ស័យធ្វើសកម្មភាពលួចជាក់ស្តែង និងផ្អែកទៅតាមបណ្តឹងជនរងគ្រោះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍កាកាប ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី៕

ចោរឆ្លៀតឱកាស

មតិយោបល់