ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងសហការី បានធ្វើដំណើរមកសួរសុខទុក្ខក្មួយៗ សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ នៃអនុវិទ្យាល័យដូងប្រេងតានៃ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ព្រមទាំងនាំយកជាមួយនូវសៀវភៅចំនួន៣០០ក្បាល ប៊ិចចំនួន១៥០ដើម នំប៉័ង និងថវិកាមួយចំនួនទៀត ចែកជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស នៅទីនោះផងដែរ។
ក្នុងឱកាសនោះដែរ លោកស្នងការបានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលបំផ្លាញអនាគតរបស់ប្អូនៗ។
សូមបញ្ជាក់ផងដែរថា កាលពីខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ ឯកឧត្តមជួន ណារិន្ទ និងលោកជំទាវ បានមើលឃើញពីការលំបាករបស់ក្មួយៗសិស្សានុសិស្ស នៅតំបន់នោះ ដែលមានផ្ទះឆ្ងាយៗ ពីសាលា ឈរស្ទាក់សុំរថយន្តធុនធំៗគេជិះរាល់ថ្ងៃ លោកទាំងពីរបានផ្តួចផ្តើមបង្កើតមូលនិធិទិញបានរថយន្ត១គ្រឿង ដើម្បីដឹកជញ្ជូនសិស្សផ្ទះឆ្ងាយៗមករៀនសូត្ររាល់ថ្ងៃ៕
មតិយោបល់