ព័ត៌មានជាតិ

លួចម៉ូតូគេបាន២ថ្ងៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានជនរងគ្រោះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះ បានសម្រេចហើយព្យាយាមរត់គេចខ្លួនបានរយ:ពេល២ថ្ងៃ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២១០៦ ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនខាងលើនេះ មានឈ្មោះ សំ ហ៊្សាក់ម៉ែន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៤០ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាក ហុងដា Scopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BJ-0197 មានឈ្មោះ ហម ហាន ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីនគរបាល ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៣ និង៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដា Scopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BJ-0197 នៅចំណុចមុខ ផ្ទះ១៧០ ផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយចាក់សោរកម៉ូតូត្រឹមត្រូវ រួចទៅដេកនៅលើផ្ទះ ពេលនោះស្រាប់តែមានជនសង្ស័យ០២នាក់ ម្នាក់ឈ្មោះ សំ ហ៊្សាក់ម៉ែន និងម្នាក់ទៀតឈ្មោះ ស៊ី ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា PCX ពណ៌ខៀវ មិនចាំស្លាកលេខ មកឈប់នៅមុខផ្ទះជនរងគ្រោះ រួចជនសង្ស័យឈ្មោះ សំ ហ៊្សាក់ម៉ែន បានយកដង្កាប់ដែកទៅឆ្កឹះសោរកម៉ូតូលួចយកម៉ូតូជនរងគ្រោះ នាំគ្នាជិះគេចខ្លួន និងបានយកដង្កាប់ដែកបោះចោលតាមផ្លូវបាត់។ លុះដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១និង ៣០នាទីរសៀល ជនសង្ស័យឈ្មោះសំ ហ្ស៊ាក់ម៉ែន កំពុងជិះម៉ូតូជនរងគ្រោះនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក៏ត្រូវជនរងគ្រោះឃើញក៏ ឃាត់ខ្លួនរួមនឹងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ កាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

លួចម៉ូតូ

លួចម៉ូតូ

មតិយោបល់