កោះកុងៈ ករណីកុមារីរៀនថ្នាក់ទី២ ម្នាក់ ត្រូវបាននាយកសាលាចំណេះដឹងទូទៅ កម្ពុជបុត្ត ប្រើរំពាត់វាយជាំគូថជាច្រើនកន្លែងនោះ ការសម្របសម្រួលក្រៅផ្លូវច្បាប់ នៅតែមិនត្រូវគ្នាទេ ដោយសារតែអាណាព្យាបាលកុមារីរងគ្រោះមិនព្រម។
យោងតាមសម្តីកុមារីរងគ្រោះ បានឲ្យដឹងថា ដោយសារគ្រូបង្រៀនប្រចាំថ្នាក់ អវត្តមាន ទើបលោកឡេង សារិន មកបង្រៀនជំនួស ហើយឲ្យសូត្រ និងគុណលេខ តែនាងធ្វើមិនត្រឹមត្រូវ ក៏ត្រូវនាយកវ៉ៃបែបនេះ កាលពីរសៀល ម៉ោង៣ ថ្ងៃទី២២ ខែមិនា ។
ប្រភពពីគ្រួសារក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពួកគាត់ មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ គឺមានភាគីនាយកសាលាចំណេះដឹងទូទៅកម្ពុជបុត្ត មកផ្ទះ ហើយសុំសម្របសម្រួលជាទឹកប្រាក់ចំនួន ៣០០ ដុល្លារ ដើម្បីបញ្ចប់រឿង តែពួកគាត់មិនព្រមជាដាច់ខាត ពោលគឺចង់បានយុត្តិធម៌ពីច្បាប់ និងការសងជំងឺចិត្ត ព្រមទាំងស្នើសុំ ដល់ លោកគ្រូ អ្នកគ្រូ ឬនាយកសា លាដទៃទៀត កុំយកវិធីសាស្រ្តបង្រៀនបែបហិង្សាមកលើកុមារ។
សូមបញ្ជាក់ថា ៖ តាមប្រភពដែលបានបង្ហើបប្រាប់ Post News ថា ករណីនេះ មិនទាន់ដោះស្រាយចប់នៅទ្បើយទេ ដោយសារភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នាមិនត្រូវ៕
មតិយោបល់