បរទេសៈ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញថា ការទទួលទានស៊ុតក្នុងមួយថ្ងៃ ១គ្រាប់ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលបាន។
អង្គការពិភពលោក WHO បានបង្ហាញថា ក្នុងឆ្នាំ ២០១២ ជំងឺដាច់សរសៃឈាមខួរក្បាលបានសម្លាប់មនុស្សប្រមាណជា ៦,៧លាននាក់ ឬប្រហែលជា ១១,៩% ទូទាំងពិភពលោក ។
នៅសហរដ្ឋអាមេរិកមានមនុស្សជិត ១៣០.០០០ នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលជារៀងរាល់ឆ្នាំ។ ក្នុងចំណោមមនុស្ស ៤នាក់ គឺមានម្នាក់ដែលកើតជំងឺដាច់សរសៃឈាមខួរក្បាល ហេតុនេះទើបគេចាត់ទុកវាជាជំងឺដែលអាចសម្លាប់មនុស្សនាំមុខគេលំដាប់ទី៣នៅក្នុងពិភពលោក។
ប្រធានផ្នែកស្រាវជ្រាវ លោកបណ្ឌិត Dominik Alexander បានមានប្រសាសន៍ថា «ស៊ុតមានសារធាតុជាច្រើនដែលល្អបំផុតសម្រាប់សុខភាពមនុស្ស រួមបញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយកម្រិតនៃសម្ពាធអុកស៊ីសែន និងការរលាកកោសិកា។ ក្រៅពីនេះស៊ុតជាប្រភពប្រូតេអ៊ីន ដែលជួយកាត់បន្ថយសម្ពាធឈាម។»
ស៊ុតមួយគ្រាប់មានផ្ទុកប្រូតេអ៊ីន ៦ក្រាម, សារធាតុប្រឆាំងអុកស៊ីតកម្ម, វីតាមីន E, D, A និងសមាសធាតុសំខាន់ៗផ្សេងៗទៀត។ កាលពីមុនវីតាមីន E នៅក្នុងស៊ុតត្រូវបានគេរកឃើញថា អាចជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ព្រមទាំងការស្ទះសរសៃឈាម។
ប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវថ្មីៗនេះ អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យទទួលទានស៊ុតជារៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល៕
មតិយោបល់