កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចពេជ្រនិល គីឡូម៉ែត្រលេខ១០៦-១០៧ បណ្ដាលឲ្យខូចខាតរថយន្ដ៤គ្រឿង របួសមនុស្សមួយចំនួន ក្នុងនោះមានទាំងជនបរទេសផងដែរ ត្រូវបានក្រុមការងារនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ និងស្រុកជួយអន្តរាគមន៍បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ។
ហេតុការណ៍នេះបង្កដោយរថយន្តមួយគ្រឿង ម៉ាក Hino ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1122 ដឹកថ្ម អ្នកបើកបរមិនស្គាល់ឈ្មោះនិងអាស័យដ្ឋាន ចុះរត់គេចខ្លួនបាត់ បង្កការខូចខាតរថយន្ដ៤គ្រឿង របួសមនុស្ស៤ ក្នុងនោះមានជនជាតិចិនម្នាក់ ភេទប្រុស ឈ្មោះ SU HENG (កើតឆ្នាំ១៩៩២ )។ ចំណែកអ្នករបួសត្រូវបានកងកម្លាំងនគរបាលចរាចរណ៍ខេត្ដនិងស្រុក រថយន្ដយោធាបញ្ជូនមកកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់។
ចំណែកមូលហេតុ ជំនាញនគរបាលចរាចរណ៍មិនទាន់ កំណត់បាននៅឡើយទេអាចបណ្ដាលមកពីការចុះចំណោតវាក់ជាមួយរថយន្ដកំពុងធ្វើដំណើរឡើងទៅទិសខាងកើត។
តាមការឲ្យដឹងបន្ថែមលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺមិនឆ្ងាយប៉ុន្មានពីកន្លែងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីថៃ្ងទី៣ ខែមករា កន្លងទៅ ដែលគ្រោះថ្នាក់លើកមុន មានការខូចខាតរថយន្ដរហូតដល់១៧គ្រឿង ស្លាប់ម្នាក់ និងរបួសច្រើននាក់ តែលើកនេះមានចំនួនតិចជាង។ ចំណែកការធ្វើចរាចរណ៍ មិនសូវកកស្ទះដូចលើកមុន ព្រោះកម្លាំងលោកសហការជាមួយជំនាញពាក់ព័ន្ធធ្វើការស្ទួចរថយន្ដមកដាក់ម្ខាងផ្លូវសិន ដើម្បីជួយសម្រួលការចរាចរណ៍បានខ្លះ តែទោះបីយ៉ាងណាត្រូវតែម្ចាស់ការលើកិច្ចការនេះជាបន្ទាន់និងចាំបាច់បំផុត។
ក្រោយកើតហេតុជំនាញចរាចរណ៍កំពុងអន្ដរគមន៍ស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់