ព័ត៌មានសេដ្ឋកិច្ច

ផ្លូវមាត់ទន្លេ អាចនឹងត្រូវបិទចរាចរណ៍ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ សម្រាប់ភ្ញៀវដើរកម្សាន្ត

ផ្លូវមាត់ទន្លេ ចាប់ពីមុខព្រះបរមរាជវាំង ដល់វត្តភ្នំ អាចនឹងត្រូវបានបិទចរាចរណ៍ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ដើម្បីធ្វើជាផ្លូវថ្មើរជើង សម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត។ នេះបើយោងតាមការលើកឡើងកាលពីពេលថ្មីៗនេះ របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោក ថោង ខុន បានស្នើដល់សាលារាជធានីភ្នំពេញឲ្យយកទុកដាក់លើ គម្រោងនេះ ហើយប្រព្រឹត្តទៅឲ្យបានឆាប់រហ័ស ដោយគិតគូរពីទីកន្លែងចតឡានផងដែរ ចៀសវាងការកកស្ទះ មានការរៀបចំបន្ទប់ទឹកសាធារណៈ ដាក់ឆ័ត្រសម្រាប់ឲ្យភ្ញៀវជ្រកម្លប់ ជាដើម។

រាជធានីភ្នំពេញ ជាទីក្រុងដ៏កម្រ ដែលមានទន្លេ ៤មុខប្រសព្វគ្នា អាចទាក់ទាញភ្ញៀវទេសចរណ៍បានច្រើន ហើយត្រូវរៀបចំផ្លូវទេសចរថ្មើរជើងនេះ ដើម្បីធ្វើឲ្យទីក្រុងនេះ កាន់តែទាក់ទាញ ដូចនៅខេត្តសៀមរាប មាន Pub Street ហើយខេត្តព្រះសីហនុ គ្រោងរៀបចំផ្លូវ ២ខ្សែ សម្រាប់ភ្ញៀវទេសចរថ្មើរជើង។

គួរបញ្ជាក់ដែរថា ការបិទចរាចរណ៍សម្រាប់ផ្លូវទេសចរណ៍ថ្មើរជើង អាចនឹងធ្វើឡើងនៅពេលល្ងាច ថ្ងៃសៅរ៍-អាទិត្យ សម្រាប់ជំហានដំបូង ហើយអាចនឹងបិទជារៀងរាល់ថ្ងៃ នៅជំហានបន្ទាប់៕

993877_997707703598968_3563136420425474745_n

មតិយោបល់