យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការ និងអាជា្ញធរដែនដី បានបន្តចុះពិនិត្យគុណភាពម្ហូបអាហារ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅផ្សារក្រឡាញ់ និងនៅតាមផ្ទះលក់ទំនិញស្ថិតក្នុងភូមិសាស្រ្តឃុំកំពុងថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្នុងពេលត្រួតពិនិត្យនោះ ទំនិញជាម្ហូបអាហារប្រចាំថ្ងៃចំនួន ១២គំរូ ត្រូវបានយកមកធ្វើវិភាគដែលរួមមាន លតស្វិត ចាហ៊ួយខ្មៅ ស្ពៃជ្រក់ ចុងស្លាបមាន់ក្លាសេ សណ្តែកបណ្តុះ ប្រហិតសាច់មាន់ ប្រហិតសាច់គោ គុយទាវសរសៃតូច និងធំ និងណែមសាច់ត្រី។ ជាលទ្ធផល គឺមានអនុលោមភាពសុវត្ថិភាពទាំងអស់ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់នៅក្នុងផលិតផលម្ហូបអាហារដែលបានយកមកពិនិត្យទាំងនោះឡើយ។
បន្ទាប់ពីនោះសាខាក៏បានបន្តចុះពិនិត្យមើលនៅតាមផ្ទះលក់ទំនិញដើម្បីស្វែងរក និងមានវិធានការតាមនីតិវិធីតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូលចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ កន្លងមកនេះ នូផលិតផលម្សៅទឹកដោះគោ ដែលមានឈ្មោះផលិតផល លេខឡូតិ៍ ថ្ងៃខែឆ្នាំប្រើប្រាស់ មានចម្លងបាក់តេរី Salmonella Agona បង្កគ្រោះថ្នាក់ដល់សុខភាពទារក និង កុមារ ផលិតនៅរោងចក្រ Craon នៃប្រទេសបារាំង ។
ជាលទ្ធផល ក្រុមការងារពុំបានរកឃើញមានផលិតផលទាំងនោះឡើយ ប៉ុន្តែបានរកឃើញផលិតផលខូចគុណភាពហួសកាលបរិច្ឆេទ កំណត់ប្រើប្រាស់ដែលរួមមាន ទឹកដោះគោជូរ ទឹកក្រូចឆ្មារ ទឹកស៊ីរ៉ូ ត្រីខកំប៉ុង ស្ពៃកំប៉ុង និងទឹកក្រូចចម្រុះ ចំនួន ២៩៤ គីឡូក្រាម ហើយបានធ្វើកំណត់ហេតុដកហូត ដើម្បីរៀបចំនីតិវិធីកម្ទេចចោលនៅពេលក្រោយ៕
មតិយោបល់