ព័ត៌មានជាតិ

Update៖ អាណោចអាធ័មណាស់! បុរសវ័យចំណាស់ម្នាក់ ធ្វើសន្តិសុខយាមបាន០៣ខែ ស្លាប់ចោលប្រពន្ធនិងកូន០៣នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥០ នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីបុរសវ័យចំណាស់ម្នាក់ ជាសន្តិសុខយាមនៅ ក្រុមហ៊ុនមួយកន្លែង បានដេកស្លាប់ ចោលប្រពន្ធនិងកូនចំនួន០៣នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ សៅ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៥១ ឆ្នាំ មុខរបរជាសន្តិសុខ មានប្រពន្ធ និងកូនចំនួន០៣នាក់ ។ សព្វថ្ងៃ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតរស់នៅក្នុងភូមិត្របាក់ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។

តាមរយៈក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានធ្វើបទសម្ភាសន៍មួយ ជាមួយអ្នករស់នៅក្បែរកន្លែងកើតហេតុ និងក្រុមសាច់ញាតិរបស់ជនរងគ្រោះខាងលើ បានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា ជនរងគ្រោះ បានមកធ្វើការងារជាសន្តិសុខ យាមនៅត្រង់ចំណុចក្រុមហ៊ុនកើតហេតុ ទើបនឹងមកធ្វើការបានរយៈពេលចំនួន០៣ខែតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ សាកសពជនរងគ្រោះដែលជាសន្តិសុខ ។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារជំងឺគាំងបេះដូង គឺគ្មានពាក់ព័ន្ធរឿងអ្វីផ្សេងនោះឡើយ ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយ ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ឯខេត្តតាកែវតាមប្រពៃណី ៕

មតិយោបល់