រតនគិរីៈ បន្ទាប់ពីមានការផ្លាស់ប្ដូរតំណែង នាយប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ កន្លងទៅ គេសង្កេតឃើញច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានភាពអាណាធិបតេយ្យ មិនមានកំណត់ពេលវេលាឲ្យបានត្រឹមត្រូវតាមច្បាប់នោះទេ មិនត្រឹមតែប៉ុណ្ណោះ រថយន្តមុខសញ្ញាលួចដឹកឈើប្រណីតឆ្លងដែន មិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។
ជាក់ស្ដែងនៅម៉ោង ៤និង៤៨នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មានរថយន្តសាំយ៉ុងកែច្នៃដំបូល និងកែរច្នៃទំលាក់បាតក្រោម សំរាប់ផ្ទុកឈើ ប្រមាណជាច្រើនគ្រឿង ឆ្លងច្រកទ្វារដោយមិនមានការត្រួតពិនិត្យ មានអ្នកត្រៀមចាំបើកកុងត្រូល ខណៈពេលដែលរថយន្តនោះមកដល់ ហើយត្រឡប់ចូលមកវិញ នៅវេលាម៉ោងប្រមាណ ៦ ទៅ ម៉ោង ៧យប់។
លោក កង សារឿន ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដែលមានតួនាទីត្រួតពិនិត្យលើសមត្ថកិច្ចច្រកទ្វារនោះថា លោកបានដាក់ផែនការយ៉ាងតឹងរ៉ឹង មិនឲ្យមានបទល្មើសឆ្លងកាត់ទេ ក៏ប៉ុន្តែការឆ្លងដែនខុសច្បាប់ យ៉ាងណានោះលោកមិនបានដឹងទេ ពីព្រោះលោកជាប់រវល់ការងារច្រើន ពុំសូវបានទៅពិនិត្យឲ្យបានដិតដល់នោះទេ។
ករណីនៃការបើកកុងត្រូលឲ្យរថយន្តមុខសញ្ញាដឹកបទល្មើសចេញចូល មិនកំណត់ពេលវេលាខាងលើនេះ ចំណែកលោក អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានបញ្ជក់ថាលោកមានការចន្លោះប្រហោងខ្លះដែរ ចំពោះចំណុចខាងលើនេះ ចាំលោកត្រួតពិនិត្យឡើងវិញ។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចឈរជើងនៅតាមដងផ្លូវជាតិលេខ៧៨ ពីក្រុងបានលុង ទៅដល់ព្រំដែនអន្តជាតិអូរយ៉ាដាវ ជាលក្ខណៈកុងត្រូលជជុះ មានយ៉ាងច្រើនកន្លែង ដែលសុទ្ធសឹងជាអ្នកមានតួរនាទីបង្ក្រាបបទល្មើសទាំងអស់ ក៏ប៉ុន្តែក្រុមឈ្មួញ រកស៊ីល្មើសច្បាប់ទាំងនោះ នៅតែបន្តរកស៊ីបានយ៉ាងរលូនដដែល៕
មតិយោបល់