ភ្នំពេញ ៖ មិនដឹងថាជាយុទ្ធសាស្ត្រប្រកួតប្រជែងរឺក៏ម្ចាស់បុរីមើលឃើញពីអនាគតទីផ្សារអចលនទ្រព្យនៅពេលខាងមុខរឺយ៉ាងណាទេ តែម្ចាស់បុរីមួយចំនួនបានប្តូរយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនសម្រាប់ជំរុញការលក់ផ្ទះឲ្យអស់កាន់តែច្រើនក្នុងរយៈពេលឆាប់ៗ និងរួសរាន់បើកគម្រោងថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ ដែលខុសប្លែកពីប៉ុន្មានឆ្នាំមុន ម្ចាស់បុរីបានតម្រូវឲ្យអតិថិជនដាក់ប្រាក់កក់មួយចំនួនជាមុនសិន និងត្រូវការបង់រំលោះជាបន្តបន្ទាប់ ។
តាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនផ្គត់ផ្គត់ផ្ទះល្វែងបុរីពិភពថ្មី បានប្រកាសដល់អតិថិជនរឺប្រជាពលរដ្ឋដែលមានបំណងស្វែងរកលំនៅឋានសម្រាប់ស្នាក់នៅតែពុំមានលទ្ធភាពទិញបង់ផ្ដាច់អាចទិញផ្ទះនៅក្នុងបុរីពិភពថ្មី ដោយមិនចាំបាច់មានប្រាក់កក់នោះទេ ដោយគ្រាន់តែចុះកិច្ចសន្យានិងធ្វើការបង់រំលោះប្រចាំខែ ក្នុងតម្លៃណាមួយនូវប្រភេទផ្ទះដែលអតិថិជនបានទិញ ។
តាមគេហទំព័ររបស់លោកឧកញ៉ាហុងពីវ ម្ចាស់បុរីពិពភថ្មី នាពេលកន្លងមកបានបញ្ជាក់ថា រយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មានអតិថិជនរាប់រយនាក់បានមកចុះកិច្ចសន្យាទិញផ្ទះពីបុរីពិភពថ្មី ក្នុងឱកាសផ្ដល់ជូននូវកម្មវិធីថ្មីនេះ ។
មិនមែនមានតែក្រុមហ៊ុនផ្គត់ផ្គង់ផ្ទះល្វែងបុរីពិភពថ្មីមួយនោះទេ ដែលអនុវត្តយុទ្ធសាស្ត្របែបនេះ ក្រុមហ៊ុនផ្សេងទៀតក៏ស្រដៀងគ្នានេះដែរ ដោយបានបញ្ចុះតម្លៃប្រាក់មុន រឺមិនតម្រូវឲ្យមានប្រាក់កក់មុនជាដើម ដើម្បីជំរុញឲ្យការលក់ផ្ទះនៅក្នុងក្រុមហ៊ុនរបស់ខ្លួន កាន់តែឆាប់ដាច់អស់និងបន្តអនុវត្តគម្រោងថ្មី ។
បើតាមរបាយការណ៍របស់អាជ្ញាធរក្រុងភ្នំពេញ ក៏ដូចជាការព្យាករណ៍របស់អ្នកជំនាញអចលនទ្រព្យនាពេលកន្លងមកថា ក្នុងមួយឆ្នាំៗទីក្រុងភ្នំពេញមានតម្រូវការលំនៅឋានប្រមាណ៨.០០០ខ្នងសម្រាប់ផ្គត់ផ្គង់ជូនកំណើនពលរដ្ឋនៅរាជធានី ដូចជាអ្នកទើបរៀបការថ្មីៗ ចំនួននិស្សិតចូលមករៀននិងស្នាក់នៅភ្នំពេញជាដើមហើយកំណើននេះនឹងបន្តកើនឡើងជាលំដាប់ ។
គួរបញ្ជាក់ផងដែរ ដើម្បីដោះស្រាយបញ្ហាវិបត្តិលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ រាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនមួយបានចុះហត្ថលេខាដើម្បីវិនិយោគលំនៅឋានដែលមានតម្លៃទាបសម្រាប់ផ្គត់ផ្គង់ដល់អ្នកមានចំណូលទាប និងមធ្យមជាពិសេសមន្ត្រីរាជការមានប្រាក់ចំណូលទាប ។ ហើយថ្មីៗនេះដែរ ក៏មានក្រុមហ៊ុនមួយប្រកាសវិនិយោគលើលំនៅឋានសម្រាប់ផ្គត់ផ្គង់ដល់អ្នកមានចំណូលទាប និងមធ្យមផងដែរ ៕
មតិយោបល់