ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយដោះស្រាយបញ្ហារបស់ពលករ-ពលការិនីខ្មែរចំនួន៣នាក់ និងរៀបចំមាតុភូមិនិវត្តន៍របស់ពួកគេមកកម្ពុជាវិញ ទន្ទឹមនឹងនោះស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ក៏បានជួយ ឧបត្ថម្ភដល់ពលករខ្មែរម្នាក់ ដែលរងរបួសនៅប្រទេសថៃផងដែរ។
ក្នុងនោះ ពលករ ពលការិនីខ្មែរ ដែលត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ជួយសង្គ្រោះដោះស្រាយបញ្ហា ទី១ឈ្មោះ ឡ.គ ភេទស្រី អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ត្រូវបានមេខ្យល់បោកបញ្ឆោត យកទៅធ្វើការជាអ្នកបោសសំអាត នៅម៉ាឡេស៊ី កាលពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៦។ ដោយធ្វើការលំបាកពេក ពលការិនីខាងលើបានទៅស្ថានទូតកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដោយបានស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ តាមសំណូមពររបស់ស្ថានទូត ថៅកែរបស់ពលការិនី បានយល់ព្រមប្រគល់លិខិតឆ្លងដែនដល់ពលការិនីវិញ។ ដោយសារពលការិនីខ្វះខាតថវិកា ស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះសម្រាប់ការធ្វើដំណើរមកកម្ពុជា។ ទី២ ពលការិនី ឈ្មោះ ប.ស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង បានទៅធ្វើការជាអ្នកបោស សំអាតនៅម៉ាឡេស៊ី កាលពីថ្ងៃ២ ខែកក្កដា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជាឈ្មោះ AT ។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើជួយទាមទារប្រាក់ខែដែលនៅសល់ និង ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែរបស់ពលការិនី បានយល់ព្រម ប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ ដល់ពលការិនីវិញ។ ពលការិនី ឈ្មោះ ឡ.គ និងពលការិនី ប.ស នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៧និង៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK536 ។ ចំណែកពលករទី៣ ឈ្មោះ ង.វ អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល បានជាប់ឃុំនៅពន្ធនាគារ Semenyih ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ពីខែកុម្ភៈ ឆ្នាំ២០១៥ ដោយសាររស់នៅ និងធ្វើការខុសច្បាប់ ហើយពុំមានលិខិតឆ្លងដែន។ បច្ចុប្បន្ន ពលករបានរួចទោស ហើយស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះសម្រាប់ ការធ្វើដំណើរមកកម្ពុជាវិញ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាច តាមជើងយន្តហោះលេខ AK534 ។
ទន្ទឹមនឹងការជួយដោះស្រាយបញ្ហាពលករ-ពលការិនីទាំង៣នាក់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានចាត់មន្រ្តីស្ថានទូតទៅសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ចំនួន៧,៥០០បាត ដល់ពលករខ្មែរ ឈ្មោះ ច.រ.ម.ហ អាយុ២២ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ដែលត្រូវបានពលករមីយ៉ាន់ម៉ា ចាក់នឹងកាំបិតចំទ្រូងខាងឆ្វេង ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពលកររូបនេះ បានចូលមកប្រទេសថៃ ដោយពុំមានឯកសារអ្វីទាំងអស់ កាលពីខែមេសា ឆ្នាំ២០១៦ ហើយធ្វើការខុសច្បាប់ជាមួយក្រុមហ៊ុនប្រមូលសំរាមមួយនៅជាយក្រុងបាងកក។ ដោយពលករខាងលើត្រូវបានបញ្ជូនទៅសង្រ្គោះបឋមនៅមន្ទីរពេទ្យមួយក្នុងខេត្តនន្ទបុរី (Nonthaburi) ដោយត្រូវចំណាយលើថ្លៃព្យាបាលចំនួន១២ម៉ឺនបាត។ តាមសំណើរបស់ស្ថានទូត មន្ទីរពេទ្យបានយល់ព្រមឲ្យសាមីខ្លួនបង់ត្រឹមចំនួន៦ម៉ឺនបាតប៉ុណ្ណោះ និងឲ្យចុះកិច្ចសន្យាសងប្រាក់ដែលខ្វះ នៅពេលណាមានថវិកា (តំណាងមន្ទីរពេទ្យបញ្ជាក់ថា កិច្ចសន្យានេះ គ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយមន្ទីរពេទ្យមិនបង្ខំទារប្រាក់នៅខ្វះនេះឡើយ)។ រហូតនៅថ្ងៃទី៤ ខែវិច្ឆិកា ពលកររងគ្រោះ ត្រូវបានបញ្ជូនបន្តទៅវះកាត់នៅមន្ទីរពេទ្យមួយទៀតក្នុងទីក្រុងបាងកក។
ក្រៅពីជំរុញដំណើរការកាត់ទោសជនល្មើសទៅតាមផ្លូវច្បាប់ ស្ថានទូតកំពុងទាមទារឲ្យនិយោជករបស់ ពលកររងគ្រោះ ជួយឧបត្ថម្ភដល់ការព្យាបាលរបួសរបស់ពលកររូបនេះផងដែរ៕
មតិយោបល់