ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌា នឹងធ្វើលំហាត់រួមគ្នា ដកបទពិសោធន៍ពីគ្នា ក្នុងទឹកដីខេត្តព្រះសីហនុ

ព្រះសីហនុៈ កាលពីវេលាម៉ោង០៨ និង១៥នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ នាវាកងទ័ពជើងទឹកឆ្នាំសមុទ្រឥណ្ឌាមួយគ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅតាមទីតាំងវប្បធម៌ និងប្រវត្តិសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនៃការចូលចតរបស់នាវាឥណ្ឌានេះដែរ មានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំ ដោយលោកឧត្ដមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឲ្យដឹងទៀតថា មេបញ្ជាការនៅលើនាវានេះ ដឹកនាំដោយលោកឧត្តមនាវីត្រី DATWINDER SAINI។ នាវាមានឈ្មោះI.C.G.S SAMRAT លេខ៤៧ ជាប្រភេទនាវាសង្គ្រោះ និងការពារបរិស្ថាន មានបណ្តោយប្រវែង១០៥ ម៉ែត្រ ទទឹង ១២.៩ ម៉ែត្រ ជម្រៅទឹក៤.៦៥ ម៉ែត្រ មានទម្ងន់ផ្ទុក២.៥៧៧តោន និងមាននាវិកសរុប១៣០នាក់។

លោកឧត្តមនាវីទោ រស់ វាសនា បានបន្ដទៀតថា នេះជាលើកទី២ហើយ ដែលនាវាឆ្នាំសមុទ្រឥណ្ឌាបានមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ ការចូលចតលើកនេះក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដូចជារាជរដ្ឋាភិបាល និងប្រជា ជនប្រទេសទាំងពីរផងដែរ។

លោកឧត្តមនាវីទោ បានបញ្ជាក់បន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការធ្វើលំហាត់រួមគ្នា ដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ហើយកងទ័ពជើងទឹកកម្ពុជា នឹងសហការជួយសម្រួលគ្រប់បែបយ៉ាងក្នុងបេសកកម្មនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យ។ ពិសេសក្នុងការធ្វើរដំណើរកម្សាន្តរបស់នាវិករបស់នាវាឆ្នាំសមុទ្រឥណ្ឌានៅលើទឹកដីនៃខេត្តព្រះសីហនុ។

ជាមួយគ្នានេះដែរ លោកឧត្តមនាវីត្រី DATWINDER SAINI បានបញ្ជាក់ថា ក្រុមនាវិកឆ្នាំសមុទ្រឥណ្ឌារបស់លោក ក្នុងឱកាសបំពេញទស្សនកិច្ចនេះ នឹងចាប់ដៃគូរជាមួយប្រទេសកម្ពុជាឲ្យក្លាយជាមហាមិត្តនៅថ្ងៃអានាគតផងដែរ៕

photo_2016-11-08_19-38-33photo_2016-11-08_19-38-35photo_2016-11-08_19-38-37photo_2016-11-08_19-38-39photo_2016-11-08_19-38-41photo_2016-11-08_19-38-42photo_2016-11-08_19-38-44photo_2016-11-08_19-38-47photo_2016-11-08_19-38-49photo_2016-11-08_19-38-51

មតិយោបល់