ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាប៉ុស្តិ៍ចតុមុខ និងកម្លាំងសន្តិសុខខណ្ឌដូនពេញ សហការគ្នាឃាត់ខ្លួន ក្រោយពីបុរសរូបនេះ ប្រើប្រាស់ម៉ាស៊ីនថតប្រភេទ Drone បង្ហោះថតយកទិដ្ឋភាពមួយចំនួននៅម្តុំសួនច្បារផ្លូវសុរ៉ាម្រិតភូមិ០៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១និង២នាទីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិចិននោះឈ្មោះ Ly Ang អាយុ៤៧ឆ្នាំ ជាភ្ញៀវទេសចរ និងមានមុខរបរជាអ្នកសរសេរអត្ថបទនៅប្រទេសរបស់ខ្លួន មានស្រុកកំណើតនៅខេត្តស៊ីឈ័ន ប្រទេសចិន កាន់លិខិតឆ្លងដែនលេខ៤៧៧១៨១០៨ បានប្រើម៉ាស៊ីន Droneម៉ាក inspire1 ពណ៌ខ្មៅលាយស បំពាក់កាមរ៉ាបញ្ជាតេ និងថតដោយ I pad mini ១គ្រឿង។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ពេលមកដល់ចំណុចកើតហេតុ បានបើកកាបូបយកម៉ាស៊ីន Drone បំពាក់ I pad mini បង្ហោះថតចាប់រូបភាព និងទិដ្ឋភាពនៅម្តុំសួនច្បារ ជាពិសេសតំបន់ជិតវិមានឯករាជ្យដោយឃើញដូច្នេះ កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងសន្តិសុខខណ្ឌបានសហការគ្នាចាប់ឃាត់នាំមកសួរនាំ ទើបបុរសជនជាតិចិនរូបនោះបាននិយាយថា គោលបំណគាត់មកសិក្សា និងផ្តិតយកទេសភាពនៅកម្ពុជា ដើម្បីផ្សព្វផ្សាយរយៈពេល៦ថ្ងៃ។
បន្ទាប់មកបុរសជនជាតិចិន រួមទាំងវត្ថុតាងបានប្រគល់ឲ្យលោក ម៉េង ហួរ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការបន្តទៀត៕
មតិយោបល់