ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញឧបត្ថម្ភរថយន្តមួយគ្រឿងដល់ពន្ធនាគារ រាជធានីភ្នំពេញ

ភ្នំពេញៈ ក្រោយពីមានការស្នើសុំពីសំណាក់ថ្នាក់ដឹកនាំពន្ធនាគាររាជធានីភ្នំពេញ PJ សាលារាជធានីភ្នំពេញបាន សម្រេចឧបត្ថម្ភរថយន្តមួយគ្រឿង ម៉ាក Ford ១៥កៅអី ជូនដល់ពន្ធនាគារមួយនេះដើម្បីសម្រួលដល់កិច្ចការងារដឹកជញ្ជូនជនជាប់ឃុំទៅកាន់តុលាការ ទទួលការវិនិច្ឆ័យសេចក្តី។

នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារ PJ បានថ្លែងបញ្ជាក់ថា ការឧបត្ថម្ភរថយន្តខាងលើនេះបានធ្វើឡើងក្រោយពីពន្ធនាគារ PJ បានដាក់ពាក្យស្នើសុំទៅសាលារាជធានីភ្នំពេញឲ្យជួយផ្តល់រថយន្តមួយគ្រឿងសម្រាប់ដឹកជនជាប់ឃុំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និងតុលាការកំពូល ដែលបច្ចុប្បន្នពន្ធនាគារមានតែរថយន្តមួយគ្រឿងដែលចាស់ទ្រុឌទ្រោម និងត្រូវដឹកជញ្ជូនជនជាប់ឃុំទៅកាត់ក្តីច្រើនកន្លែងធ្វើឲ្យមានការយឺយ៉ាវជាខ្លាំង។ លោកបន្តថា ក្នុងនាមអគ្គនាយកដ្ឋានពន្ធនាគារ និងពន្ធនាគាររាជធានីភ្នំពេញ លោកពិតជាសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះសាលារាជធានីភ្នំពេញដែលមាន លោក ប៉ា សុជាតិវង្ស ជាអភិបាល ដែលតែងគិតគូរយកចិត្តទុកដាក់ចំពោះភាពខ្វះខាត និងការលំបាករបស់មន្ត្រីថ្នាក់ក្រោម។

សូមបញ្ជាក់ថា ពិធីប្រគល់ និងទទួលរថយន្តមួយគ្រឿងពីសាលារាជធានីភ្នំពេញ បានធ្វើឡើងនៅឯសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានលោក ប៉ក់ សុគន្ធារី អនុប្រធានទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ជាតំណាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ៕

photo_2016-11-09_19-09-48photo_2016-11-09_19-09-50photo_2016-11-09_19-09-52photo_2016-11-09_19-09-56photo_2016-11-09_19-09-58

មតិយោបល់