ព័ត៌មានជាតិ

តុលាការដោះលែងមនុស្សបីនាក់ ពាក់ពន្ធ័នឹងករណីដឹកឈើសុក្រំខុសច្បាប់ ឲ្យនៅក្រៅឃុំ

ស្ទឹងត្រែង: មនុស្សចំនួនបីនាក់ដែលអាវុធហត្ថលើផ្ទៃប្រទេសឃាត់ និងចាប់ខ្លួនព្រមទាំងរថយន្តសាំយ៉ុងដឹកឈើសុក្រំខុសច្បាប់កាលពីចុងខែតុលា ឆ្នាំ២០១៦នោះ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។

គួររំឭកផងដែរថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ អាវុធហត្ថលើផ្ទៃប្រទេសបានចាប់រថយន្តសាំយ៉ុងដឹកឈើសុក្រំ១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2C-1808 ដែលដឹកចេញពីស្រុកឆែប ខេត្តព្រះវិហារ ដើម្បីយកទៅខេត្តក្រចេះ ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង ព្រមទាំងឃាត់ខ្លួនមនុស្សចំនួនបីនាក់បញ្ជូនទៅកាន់តុលាការ។

ក្រោយមកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ តុលាការក៏បានចេញដីកាសម្រេចឃុំខ្លួនមនុស្សទាំងបីនាក់នោះបណ្តោះអាសន្នចាប់តាំងពីពេលនោះមក។ ប៉ុន្តែកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះតុលាការ ក៏បានចេញសេចក្តីសម្រេចថ្មីមួយទៀតគឺដោះមនុស្សទាំងបីនាក់នោះឲ្យនៅក្រៅឃុំបណ្តោះអាសន្នដោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ចំពោះរថយន្តសាំយ៉ុង និងឈើសុក្រំទាំងអស់នោះមិនត្រូវបានប្រគល់ឲ្យម្ចាស់វិញទេ ប៉ុន្តែប្រសិនបើមានលិខិតស្នាមបញ្ជាក់យ៉ាងច្បាស់ថាពិតជាឈើដែលយកទៅធ្វើទ្វារព្រះវិហារមែននោះតុលាការនិងពិចារណាម្តងទៀត។
បច្ចុប្បន្ន មនុស្សទាំងបីនាក់នោះត្រូវបានត្រឡប់វិលទៅលំនៅស្ថានរៀងខ្លួនវិញហើយ៕

photo_2016-11-09_19-49-38photo_2016-11-09_19-49-41photo_2016-11-09_19-49-43photo_2016-11-09_19-49-44

មតិយោបល់