Carlos Ancelotti បានបញ្ជាក់ថាមានតែ Paulo Dybala និងNeymar ប៉ុណ្ណោះ ដែលអាចនឹងជំនួសតំណែងកំពូលខ្សែប្រយុទ្ធលើលោករបស់ Lionel Messi និង Cristiano Ronaldo បាន។
Ancelotti អ្នកចាត់ការក្រុម Bayern Munich មិនបានមើលឃើញសមត្ថភាពកូនក្រុមរបស់ខ្លួនណាម្នាក់ ដែលសក្ដិសមអាចជំនួសតួនាទីកំពូលខ្សែប្រយុទ្ធលើលោកបានទេ ខណៈដែលពួកគេនៅមានកម្រិតនៅឡើយ។ ផ្ទុយទៅវិញ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ បែរជាឃើញកីឡាករ២នាក់ ដែលខ្លួនមិនដែលដឹកនាំទៅវិញ ថាមានសមត្ថភាពល្អ នៅក្មេងអាចក្លាយជាកំពូលកីឡាករបានទៅថ្ងៃមុខ។
អតីតអ្នកចាត់ការ Real Madrid រូបនេះបាននិយាយថា២នាក់ខាងលើពិតជាសក្ដិសមខ្លាំងណាស់ក្នុងការជំនួស Messi និង Ronaldo ព្រោះពួកគេនៅក្មេងតែមានសមត្ថភាពខ្ពស់ ជាពិសេសមានចិត្តជាខ្សែប្រយុទ្ធតែងតែចង់រកគ្រាប់បាល់។ Neymar គិតត្រឹមវ័យ២៤ឆ្នាំនេះ រូបគេរកគ្រាប់បាល់បាន២២៧គ្រាប់ហើយ ឱ្យក្លឹបអាជីពតាំងពីនៅប្រេស៊ីលមក ខណៈដែលក្នុងជម្រើសជាតិវិញ បង្ហាញខ្លួនបាន៧៣ដង រកគ្រាប់បាល់បាន៤៩គ្រាប់។
ដោយឡែក Dybala វិញ រដូវកាលដំបូងរបស់ខ្លួននៅក្លឹប Juventus អាចជួយក្រុមមួយនេះឈ្នះពាន៣ដង ហើយក្លាយជាកីឡាករសំខាន់ម្នាក់នៅក្នុងក្រុមបាត់ទៅហើយ បើទោះបីជារូបគេទើបតែផ្លាស់ទៅលេងនៅអ៊ីតាលីក៏ដោយ។ Ancelotti គិតថាកីឡាកររូបនេះ នឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងពិភពបាល់ទាត់នៅរយៈពេល១០ឆ្នាំទៀត៕
មតិយោបល់