ព័ត៌មានសេដ្ឋកិច្ច

ចិន គ្រោងបន្ថែមជើងហោះហើរត្រង់ទី ១១ មកកាន់ខេត្តព្រះសីហនុ និងទី ១២ ទៅសៀមរាប

ជើងហោះហើរត្រង់រវាងទីក្រុង Wuxi ខេត្ត Jiangsu ប្រទេសចិន និងខេត្តព្រះសីហនុ ដែលគម្រោងនេះកំពុងស្ថិតក្រោមការចចារ។ នេះបើយោងតាម មន្ត្រីជាន់ខ្ពស់ជនជាតិចិន បានឲ្យទីភ្នាក់ងារសារព័ត៌មានជាតិដឹង កាលពីពេលថ្មីៗនេះ។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងដែរថា បច្ចុប្បន្នមានជើងហោះហើរត្រង់ចំនួន ១០ រវាងខេត្តមួយចំនួននៅប្រទេសចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងភ្ជាប់ជើងហោះហើរត្រង់មកខេត្តព្រះសីហនុ និងខេត្តសៀមរាបនេះ អាចជាជើងហោះហើរត្រង់ទី ១១ និងទី ១២ រវាងចិន-កម្ពុជា។

កិច្ចពិភាក្សាពីជើងហោះហើរត្រង់នេះ ត្រូវបានលើកឡើងជាមួយគ្នានឹង តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ១០០រោងចក្រ កាន់កាប់ដោយក្រុមហ៊ុន Hodo Group ហើយជើងហោះហើរត្រង់នេះ រំពឹងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការលើកឡើងរបស់លោក Wang Jinjian មន្រ្តីជាន់ខ្ពស់នៃក្រុង Wuxi។

លោកបន្តថា រោងចក្រចំនួន ៨៨ កំពុងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុនេះ ហើយជើងហោះហើរត្រង់នេះ នឹងទាក់ទាញវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត ក៏ដូចជាជម្រុញក្រុមហ៊ុនចិន ឲ្យបង្កើតរោងចក្រកាន់តែច្រើននៅកម្ពុជា។

គួរបញ្ជាក់ដែរថា កម្ពុជា រំពឹងទទួលភ្ញៀវទេសចរចិនប្រមាណជិត ១លាននាក់ ត្រឹមដំណាច់ឆ្នាំ ២០១៦នេះ ដែលការកើនឡើងនេះ អាចបង្ហាញពីលទ្ធផលនៃការបន្ថែមជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា-ចិនផងដែរ៕

14249721_1262861850412540_2456771091274104133_o

មតិយោបល់