រតនគិរីៈ ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ នៅភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០១៦នេះ បានជួបប្រជុំគ្នាប្រមាណជិត២០០នាក់ ដើម្បីធ្វើការអនុម័តលើសេចក្តីព្រាងលក្ខខន្តិកៈសហគមន៍ឈានទៅចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព។
លោក រម៉ាម ឃេន មេឃុំបរខាំបានលើកឡើងថា កិច្ចប្រជុំពេញអង្គសហគមន៍នាពេលនេះ ធ្វើឡើងក្នុងគោលបំណងឲ្យអ្នកពាក់ព័ន្ធចូលរួមធ្វើជាសាក្សី ដែលសហគមន៍ជនជាតិដើមភាគតិចចារ៉ាយភូមិព្រិលបានធ្វើការអនុម័ត លើសេចក្តីព្រាងលក្ខខន្តិកៈរបស់ខ្លួនឈានទៅនីតិបុគ្គលស្របច្បាប់នាពេលដ៏ខ្លីខាងមុខ ដើម្បីឲ្យសហគមន៍មួយនេះទទួលបានសិទ្ធិពេញលេញក្នុងការស្នើសុំចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាព និងបានបន្តគ្រប់គ្រងថែរក្សាដីសមូហភាពតាមបែបប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចចារ៉ាយភូមិព្រិលបានគង់វង្សទៅអនាគត។
លោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ បានសម្តែងនូវការសប្បាយរីករាយចំពោះបងប្អូនជនជាតិដើមភាគតិចចារ៉ាយភូមិព្រិលដែលបានខិតខំចងក្រងឡើងនូវសេចក្តីព្រាងលក្ខខន្តិកៈ ព្រមទាំងបានជ្រើសរើសគណៈកម្មការសម្រាប់គ្រប់គ្រងសហគមន៍ដែលកិច្ចការនេះស្របទៅនឹងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិចរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយស្តីពីការចុះបញ្ជីដីធ្លី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិចនៅព្រះរាជាណាចក្រកម្ពុជា។
លោក អភិបាលរងស្រុក បានថ្លែងអំណរគុណចំពោះក្រុមការងារក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ និងក្រុមការងារថ្នាក់ខេត្តដែលបានជួយជ្រោមជ្រែងក្នុងដំណើរការចុះបញ្ជីដីសមូហភាពក្នុងភូមិព្រិល។ ជាពិសេសសហគមន៍អឺរ៉ុប ដែលបានផ្តល់ថវិការតាមរយៈអង្គការ ICSO ដល់ដំណើរការនេះផងដែរ។
លោក អភិបាលរងស្រុកផ្តាំផ្ញើដល់សមាជិកសហគមន៍ភូមិព្រិលពេលដែលអនុម័តសេចក្តីព្រាងលក្ខខន្តិកៈ ហើយត្រូវចូលរួមគោរពទាំងអស់គ្នា នូវអ្វីដែលមានចែងក្នុងលក្ខខន្តិកៈ ដែលមាន៨ជំពូក និង២៧ប្រការហើយត្រូវពង្រឹងភាពជាម្ចាស់ក្នុងការប្រើប្រាស់ដីជាសមូហភាពប្រកបដោយនិរន្តរភាព៕
មតិយោបល់