ស្ទឹងត្រែងៈ ដោយមានបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និង សម្របសម្រួលពីសំណាក់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរៈសេនីយ៍ទោ ដួង ចិត្រ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនយ៉ាងក្តៅគគុក ក្នុងស្រុកសៀមប៉ាង ធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន៦នាក់ ព្រមទាំងដកហូតបានថ្នាំញៀនចំនួនជាង៤០០គ្រាប់ផងដែរ។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុច ភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាដែលអាវុធហត្ថតាមស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃមុន ទើបឈានដល់ការឃាត់ខ្លួន។
លោកបន្តថា ការចុះបង្ក្រាបនេះ មុនដំបូង គឺអាវុធហត្ថបានឃាត់ខ្លួនមុខសញ្ញា២នាក់ ដែលជាប្តីប្រពន្ធ ឆែកឆេររកឃើញថ្នាំញៀន១២គ្រាប់ដែលនៅជាប់ខ្លួន។ ក្រោយមកដោយមានការសង្ស័យអាវុធហត្ថបានឆែកឆេរបន្តក៏រកឃើញថ្នាំញៀនចំនួន៤០កញ្ចប់តូចៗស្មើរនិង៤០០គ្រាប់បន្ថែមទៀត ដែលពួកគេបានដាក់ក្នុងបំពង់ទុយោប៊ឺតទឹកអំពៅ លាក់ទុកក្រោមកែបម៉ូតូ ក្នុងផ្ទះរបស់ពួកគេ ព្រមទាំងឃាត់ខ្លួនអ្នកប្រើប្រាស់៣នាក់បន្ថែមទៀត ដែលជាជាងធ្វើផ្ទះឲ្យអ្នកទាំងពីរ។
បន្ទាប់ពីអាវុធហត្ថរកឃើញវត្ថុតាងខាងលើរួចមក ពួកគេទាំងពីរនាក់ បានសារភាពថា ថ្នាំញៀនទាំងអស់នេះ គាត់បានទិញពីឈ្មោះ ទុន ដែលជាអ្នកលក់ទូរសព្ទ។ បន្ទាប់ពីជនសង្ស័យបានសារភាពរួចមកកម្លាំងអាវុធហត្ថ ក៏បានបើកការស៊ើបអង្កេតបន្តទៀត ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទុន តែម្តង។
ជនសង្ស័យដែលជាមុខសញ្ញាចែកគ្រឿងញៀន៣នាក់ ទី១ ឈ្មោះ ម៉ិច ទុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកលក់និងជួសជុលទូរសព្ទដៃ(ជាមេខ្លោង)។ ទី២ ឈ្មោះ លាន ម៉ន ភេទប្រុស អាយុ៣២ឆ្នាំ ទី៣ឈ្មោះ ដែង ឡ ភេទស្រី អាយុ៣៦ឆ្នាំ ជាប្តីប្រពន្ធមានមុខរបរធ្វើស្រែ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ ជាអ្នកចែកចាយថ្នាំញៀនបន្តផងដែរ។
ដោយឡែកមុខសញ្ញាប្រើប្រាស់គ្រៀង៣នាក់ ទី១ឈ្មោះ ជិន ជីត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើផ្ទះ មានទីលំនៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ទី២ ឈ្មោះ អៀម ថេន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើផ្ទះ ទីលំនៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ទី៣ ឈ្មោះ សួស ម៉ៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើផ្ទះ រស់នៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើ អាវុធហត្ថដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ សរុប៤១២គ្រាប់ ម៉ូតូមួយគ្រឿង ម៉ាកវ៉េវ អាហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-9520 ទូរសព្ទដៃ៥គ្រឿង អាវុធកែឆ្នៃ១ដើម ដែលជារបស់មេខ្លោង ឈ្មោះ ម៉ិច ទុន ព្រមទាំងខ្សែកលោហៈពណ៌លឿង១ខ្សែផងដែរ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្ត ដើម្បីធ្វើការសួរនាំបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅការតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕









មតិយោបល់