កំពង់ធំៈ ក្រុមហ៊ុន លីម ប៊ុនណ្ណា L.B.N គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា បានជ្រើសយកថ្ងៃទី១១ ខែ១១ ម៉ោង១១ និង១១នាទី ឆ្នាំ២០១៦ គឺជាថ្ងៃសេចក្តីសម្រេចក្នុងការផលិតពូជស្រូវផ្ការំដួលសែនក្រអូប ហើយបានធ្វើការច្រូតកាត់ក្រោមអធិបតីភាព លោក សុខ វុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងអ្នកមុខអ្នកការជាច្រើននាក់ ចូលរួមក្នុងពិធីច្រូតកាត់ស្រូវរបស់ក្រុមហ៊ុន ដើម្បីលើកស្ទួយវិស័យស្រូវអង្ករនៅកម្ពុជា ។
ក្រោមការយកចិត្តទុកដាក់របស់ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានគិតគូតពីជីវភាពនិងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដែលជាអ្នកផលិតស្រូវ តម្រូវឲ្យមានទីផ្សារសម្រាប់ប្រមូលទិញផលស្រូវពីប្រជាពលរដ្ឋ ទើបលោក គង់ វិមាន បានគៀងគរអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេសដើម្បីមកអភិវឌ្ឍក្នុងខេត្តកំពង់ធំ ខណៈពេលដែលខេត្តកំពង់ធំកំពុងតែមានសក្កានុពលក្នុងការ បើកទ្វារស្វាគមន៍អ្នកធុរៈកិច្ចមកវិនិយោគដើម្បីអភិវឌ្ឍ។
ក្រុមហ៊ុន លីម ប៊ុនណ្ណា L.B.N បានបណ្តាក់ទុនជាង២០លានដុល្លារ បានចូលរួមអភិវឌ្ឍនៅ ក្នុងភូមិសាស្រ្តកែងគោល ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងការផលិតពូជស្រូវសម្រាប់ចែកជូនប្រជាកសិករ និងប្រេង ព្រមទាំងជីសម្រាប់ឲ្យប្រជាពលរដ្ឋ នាំយកទៅធ្វើការដាំដុះដំណាំស្រូវ ហើយក្រុម ហ៊ុន និងប្រមូលទិញផលស្រូវពីប្រជាកសិករមកវិញ ក្នុងតម្លៃទីផ្សារ មិនតែប៉ុណ្ណោះក្រុមហ៊ុនមានសក្កានុពល យ៉ាងខ្លាំងក្នុងការផលិតពូជ ចាប់តាំងពីរៀបចំដីក្នុងទំហំជាង១៥០០ហិកតា ទាំងដាំ ច្រូត រហូតប្រមូលផល និងត្រៀមនាំចេញទីផ្សារអន្តរជាតិ តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលនាំអង្ករចេញ១លានតោនក្នុងមួយឆ្នាំ ។
លោក ឆុង តាំងងី ប្រធានចាត់ការទូទៅផ្នែកបច្ចេកទេស របស់ក្រុមហ៊ុន លីម ប៊ុនណ្ណា L.B.N បានឲ្យដឹងថា ចក្ខុវិស័យរបស់LBN ដែលបានមកវិនិយោគនេះ គឺផ្តោតទៅលើវិស័យកសិកម្មដំណាំស្រូវ គឺការផ្តោតលើការ ផលិតពូជចែកចាយ និងប្រមូលទិញស្រូវពីកសិករមកវិញដើម្បីពង្រឹងគុណភាពស្រូវ ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសស្រូវដែលបានដាំទីនេះគឺជាប្រភេទស្រូវរំដួលដែលជាប់លំដាប់ថ្នាក់លេខ១ ផ្ទួនគ្នាមក៣ឆ្នាំមកហើយដោយឡែកក្រុមហ៊ុនមានសក្តានុពលក្នុងការផលិត កិននាំចេញដោយខ្លួនឯង ដែលជាសារៈសំខាន់បំផុត ក្នុងការជួយស្តារវិស័យស្រូវអង្ករនៅកម្ពុជាយើង ចំនួនផ្ទៃដីសរុបក្រុមហ៊ុនបានធ្វើរយៈ ពេល២ឆ្នាំមាន១២០០ហិកតា ។
លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានកោតសរសលើ ក្រុមហ៊ុន លីម ប៊ុនណ្ណា L.B.N ដែលបានជួយដល់ប្រជាពលរដ្ឋក្នុងវិស័យស្រូវអង្ករ ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែង ផ្សារភ្ជាប់ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា និងបានជួយផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស ធ្វើឲ្យវិស័យស្រូវ អង្ករមានតម្លៃខ្ពស់ ដោយសារស្រូវអង្ករនៅកម្ពុជាជាស្រូវក្រអូបពិតៗ បានធ្វើឲ្យជាប់ចំណាត់ថ្នាក់លេខ១ ដូច្នេះសូមអំពាវនាដល់ជាតិ និងអន្តរជាតិ ជាពិសេសវិស័យឯកជនជួយគ្នាក្នុងការប្រមូលកសិផលនេះដើម្បីនាំចេញឲ្យបានច្រើន។
ទន្ទឹមនឹងនោះដែរ លោក គង់ វិមាន ដែលបានចូលរួមគាំទ្រវិស័យស្រូវអង្ករ ដោយឡែកសហព័ន្ធស្រូវអង្ករបានប្រឹងប្រែង តាមដានការអភិវឌ្ឍន៍ទៅលើស្រូវអង្ករចាប់តាំងពីចាប់កំណើតមក ដោយសង្កេតឃើញថាការចូលរួមពីប្រជាជន និងអ្នកដែលពាក់ព័ន្ធវិស័យស្រូវអង្ករមានការខិតខំខ្លាំងដើម្បីជួយឲ្យមានឈ្មោះល្បីនិងមានការប្រកួតប្រជែងកាន់តែខ្លាំង៕












មតិយោបល់