ព័ត៌មានជាតិ

ឃាត់ខ្លួនជនបរទេស២នាក់ និងថ្នាំញៀនកូកាអ៊ីនជាង២គីឡូក្រាម នៅព្រលានយន្តហោះភ្នំពេញ

ភ្នំពេញ: នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៦និង៤០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយសមត្ថកិច្ចប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បង្ក្រាបករណីនាំចូលគ្រឿងញៀន នៅចំណុចច្រកអ្នកដំណើរមកដល់(ដឹក ជញ្ជូនពីប្រទេស Peru ឆ្លងកាត់ Brazil-Qatar-Vietnam) មកកម្ពុជា តាមជើងយន្ដហោះ QATAR AIRWAYS លេខ QR 970។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការណ៍នេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ MUHANAD RIZDUAN BIN RAMLI ភេទប្រុស ជនជាតិម៉ាឡេស៊ី កើតថ្ងៃទី៨ ខែកក្តដា ឆ្នាំ១៩៨៧ កាន់លិខិតឆ្នងដែនលេខ A36299936 ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទកូកាអ៊ីន(Cocaine)ទម្ងន់២០១៦.៨ក្រាម ដែលបង្កប់ក្នុងប្រអប់នំខេក ទូរសព្ទដៃ១គ្រឿង និងលិខិតឆ្លងដែន១ក្បាល។

បន្ទាប់មកកម្លាំងជំនាញ បានបន្ដការស៊ើបអង្កេតឈានទៅចាប់ខ្លួនបក្ខពួកម្នាក់ទៀត នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១និង៤០នាទីយប់ នៅចំណុចក្នុងបន្ទប់លេខ៤០១ នៃសណ្ឋាគារ Mekong ទស្សនា Tower។ ជនសង្ស័យម្នាក់ទៀតនេះ មានឈ្មោះ HEMAKAVIN KARTHIGESU ភេទប្រុស ជនជាតិម៉ាឡេស៊ី កើតថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ១៩៩៧ កាន់លិខិត ឆ្លងដែនលេខ A36120527 ព្រមទាំងដកហូតបានវត្ថុតាងមានទូរសព្ទដៃ១គ្រឿង និងលិខិតឆ្លងដែន១ក្បាល។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

ជនបរទេសគ្រឿងញៀន

មតិយោបល់