ព័ត៌មានជាតិ

នគរបាលបញ្ជូនខ្លួនជនក្លែង Facebook ប្រើឈ្មោះសម្តេចតេជោ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ: ជនសង្ស័យ២នាក់ ក្នុងនោះមានម្នាក់ គឺជាបុគ្គលិក ស្ថាប័នមីក្រូហិរញ្ញវត្ថុ «បំណងប្រាថ្នា» ដែលបានក្លែង Facebook ដោយប្រើឈ្មោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងភាវរកម្មក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ វិច្ឆិកា ២០១៦ នេះ ដែលសំណុំរឿងនោះលោក សៀង សុខ ព្រះរាជអាជ្ញារង បានចុះអនុវត្តផ្ទាល់ សម្រេចចោទប្រកាន់លើជនត្រូវចោទចំនួន២បទល្មើស ១.ក្លែងលិខិតសាធារណ: និង២.ប្រើប្រាស់លិខិតសាធារណ:ក្លែង បទចោទនេះតាមមាត្រា៦២៩.៦៣០ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ វិច្ឆិកា សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្មបានធ្វើការ បង្ហាញមុខជាសាធារណ: បន្ទាប់ពីជនសង្ស័យត្រូវចាប់ខ្លួនកាលពីថ្ងៃទី៩ វិច្ឆិកា។ ជនសង្ស័យទាំង២នាក់ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ក្រោយពេលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បំពេញសំណុំបែបបទចប់។

នៅក្នុងសន្និសីទកាសែតដែលធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងមានការចូលរួមលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនាំសម្របសម្រួលតាមផ្លូវច្បាប់។

នៅក្នុងសន្និសីទកាសែត លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានថ្លែងថា ជនសង្ស័យ ទី១មានឈ្មោះ ឈួន សារុន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នជាបុគ្គលិកនៅស្ថាប័ន មីក្រូហិរញ្ញវត្ថុ «បំណងប្រាថ្នា» ត្រូវបានចាប់ខ្លួននៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងជនសង្ស័យទី២ឈ្មោះ សួន ចាន់រតន: អាយុ២៤ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ បានបង្កើត Account Facebook ដោយប្រើឈ្មោះប្រមុខរាជរដ្ឋាភិបាល ដាក់ថា «សម្តេច ហ៊ុន សែន» ហើយបានឧទ្ទេសខ្លួនឯងថា ជាទីប្រឹក្សារដ្ឋលេខាធិការនៃទីស្តីការគណ:រដ្ឋមន្រ្តី ដោយបានក្លែងត្រា និងហត្ថលេខាសម្តេចតេជោ ហ៊ុន សែន ទៀតផង។ ពួកគេបានបង្ហាញខ្លឹមសារទាំងនេះ នៅវេលាម៉ោង១១៖៣១ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
បន្ទាប់ពីមានការបង្ហោះក្លែង និងប្រើឈ្មោះសម្តេចនាយករដ្ឋមន្រ្តីយ៉ាងដូច្នេះ កម្លាំងនគរបាលជំនាញរបស់លោក ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សៀង សុខ បានធ្វើការស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ឈួន សារុន ស្ថិតនៅភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រួចហើយបន្តចាប់ជនសង្ស័យម្នាក់ទៀត ។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានបញ្ជាក់ថា «ការក្លែងបន្លំគណនីហ្វេសប៊ុកសម្តេចតេជោបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស របស់សម្តេចតេជោ ហ៊ុន សែន និងមានការយល់ច្រឡំលើការងារ ពីសាធារណជនរបស់រាជរដ្ឋាភិបាល»។
នៅក្នុង Account Facebook ដែលពួកគេបង្កើតនោះ ក៏បានបង្ហោះខ្លឹមសារនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរដូចជាខ្លឹមថា «មានតែរៀបចំសង្គ្រាមវាយកម្ទេចទីក្រុងភ្នំពេញទេ ទើបយើងមានលុយចាយនឹងគេ» និងខ្លឹមសារមួយទៀតថា «ខ្ញុំរំលាយក្រុមនាគរាជចោលហើយ បើនរណាយកឈ្មោះយើងទៅប្រើ បើយើងដឹង នឹងសម្លាប់ចោលមិនរើសមុខ»។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវប្រើ Facebook ក្លែងឈ្មោះរបស់អ្នកដទៃ និងបង្ហោះខ្លឹមសារផ្សេងៗនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់គេនោះទេ ហើយនេះដល់ថ្នាក់ទៅក្លែង និងយកឈ្មោះសម្តេចទៅប្រើទៀត។ ម្នាក់ៗត្រូវចេះប្រើ និងលេង Facebook ដោយប្រើឈ្មោះពិត និងបង្ហោះខ្លឹមសារមិនប៉ះពាល់អ្នកដទៃទើបមិនប្រឈមផ្លូវច្បាប់ ។

សមត្ថកិច្ចបានអំពាវនាវឱ្យអ្នកប្រើប្រាស់ Facebook ទាំងអស់គោរពច្បាប់ ហើយជៀសវាងការប្រើប្រាស់ឈ្មោះមន្រ្តីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ឬអ្នកដទៃ ដោយមិនមានការអនុញ្ញាតពីសាមីខ្លួន ដែលនាំឱ្យប្រឈមចំពោះមុខច្បាប់៕

//youtu.be/cRtznaOZsnI

មតិយោបល់