ព្រះសីហនុៈ កម្លាំងការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ បានដឹកនាំកម្លាំងជាច្រើននាក់ ចុះធ្វើរដ្ឋបាលបង្ក្រាបទីតាំងទទួលបញ្ចាំចំនួន២ កន្លែងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃត្រង់ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះ ទី១មានម្ចាស់ផ្ទះឈ្មោះ អ៊ុន ចន្ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងជួសជុលទូរទស្សន៍ មានទីលំនៅក្រុម២ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាលទ្ធផលសមត្ថកិច្ច ពិនិត្យឃើញនិងដកហូតបាន ម៉ូតូចំនួន២១គ្រឿង ក្នុងនោះមាន ម៉ូតូម៉ាក វ៉េវអ៊ី ចំនួន១គ្រឿង, ម៉ាកស៊ីរ៉ូស ចំនួន៦គ្រឿង,ម៉ាក អ៊ែប្លេដ ចំនួន៤គ្រឿង, ម៉ាក ស្កុបពីចំនួន១គ្រឿង,ម៉ាកស៊ុយសាគីស្មាស ចំនួន១គ្រឿង, ម៉ាក វ៉េវចំនួន២គ្រឿង,ម៉ាកហុងដាសេ ១២៥ ចំនួន៥គ្រឿង,ម៉ាកហុងដា សេ១២៥ (វៀតណាម)ចំនួន១គ្រឿង, លិខិតទិញ-លក់ ម៉ូតូចំនួន ១ក្បាល និងឯកសារមួយចំនួន ,សៀវភៅកត់ត្រា ការទទួលបញ្ចាំ ចំនួន ១ក្បាល ,អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ចំនួន៤២សន្លឹក, ប័ណ្ណសម្គាល់យានយន្ត ៣០សន្លឹក ,ប័ណ្ណបើកបរចំនួន ៤សន្លឹក ,លិខិតឆ្លងដែនចំនួន២ , ស្លាកលេខវៀតណាមចំនួន ១, អាយផេត ចំនួន៣,
សមត្ថកិច្ចបានបន្តថា ឆ្លងតាមការស្រាវជ្រាវបឋម ក្នុងចំណោមម៉ូតូទាំងនោះ មានម៉ូតូចំនួន២ គ្រឿង ពាក់ព័ន្ធនឹងអំពើចោរកម្ម (ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ចំនួន១គ្រឿង និងម៉ូតូម៉ាកអ៊ែប្លេដ ស៊េរីឆ្នាំ២០១៥ ចំនួន១គ្រឿង)។
ចំណែកទីតាំងទី២ មានម្ចាស់ឈ្មោះ ឡេង សារ៉ាវុធ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ដោយក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចពិនិត្យឃើញនិងដកហូតបាន ម៉ូតូចំនួន៧គ្រឿង ក្នុងនោះមាន ម៉ូតូម៉ាកវីវ៉ាចំនួន ១គ្រឿង, ម៉ាកហុងដាសេ ១២៥ ចំនួន៣គ្រឿង, ម៉ាកវ៉េវ ចំនួន ១គ្រឿង, ម៉ាក អ៊ែប្លេដ ចំនួន១គ្រឿង ,ម៉ាក ធូដេ ចំនួន១គ្រឿង, លិខិតទិញលក់ ចំនួន៤សន្លឹក, ក្រដាសបញ្ចាំចំនួន១សន្លឹក រួមនិង កាតគ្រី ចំនួន១សន្លឹក។
សមត្ថកិច្ចបានបន្តថា សរុបទាំងអស់ដែលសមត្ថកិច្ចដកហូតបានរួមមានម៉ូតូ ចំនួន ២៨គ្រឿង បានយកមករក្សាទុកនៅការិយាល័យកណ្តាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕
https://youtu.be/_02l5XC8HDs
មតិយោបល់