ព័ត៌មានជាតិ

(ទំនួញអកយំព្រាត់គូ) រឿងពិតជុំវិញរូបថត បុរសម្នាក់ ដេកឱបសពនារីជាគូដណ្ដឹង ផ្អើលមហាជន

កំពត: ចាប់ពីល្ងាចថ្ងៃទី១១ ម្សិលមិញរហូតដល់ថ្ងៃទី១២ វិច្ចិកា នេះមហាជននៅមានការចាប់អារម្មណ៍និងចង់ដឹងពីព័ត៌មានលើបណ្តាញសង្គម Face book យ៉ាងខ្លាំងដោយបាន Share តៗគ្នា ពីគណនី Face book របស់ឈ្មោះ Chan Odum ដែលបានបង្ហោះពីសកម្មភាព បុរសម្នាក់ដេកអោបសពគូដណ្ដឹង នឹងបានសរសេរថា «ថ្ងៃស្អែកទី១២នេះ បងគិតថានិងសប្បាយព្រោះបានជុំគ្នាបងប្អូនយើងព្រោះជាថ្ងៃភ្ជាប់ពាក្យរបស់ប្អូន តែដឹងអី ថ្ងៃទី១២នេះ ប្រែក្លាយជាពិធីបុណ្យសពប្អូនទៅវិញ!…សូមជម្រាបដល់អ្នកមានឡានជិះមួយចំនួនដែលបើកបរគ្មានទំនួលខុសត្រូវ សូមបើក លលាដ៏ក្បាលគិតហើយឲ្យតម្លៃជីវិតអ្នកដ៏ទៃខ្លះផង ចាំមើលជួបលើបងប្អូនកូនអ្នកឯងម្តងទើបដឹងថាវាយ៉ាងណា »។

រូបថតបុរសម្នាក់ ដេកយំអោបសពគូដណ្ដឹង គួឲ្យអាណិតអាសូរ ត្រូវបានសាច់ញាតិបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Face book បង្កការភ្ញាក់ផ្អើល និងបានចែករំលែក (Share) និង Comment ជាច្រើនតៗគ្នា នៅព្រឹកថ្ងៃទី១២ វិច្ឆិកា នេះ ធ្វើឲ្យមានការចាប់អារម្មណ៍ចង់ដឹងគ្រប់ៗគ្នា ពីរឿងលម្អិត ពាក់ព័ន្ធការស្លាប់របស់នារីរងគ្រោះខាងលើស្លាប់ដោយសារអ្វី តាមពិតរឿងរ៉ាវដែលនាងក្រមុំស្លាប់ចោលគូដណ្តឹងមុនថ្ងៃភ្ជាប់ពាក្យមួយថ្ងៃនេះ គឺរូបនាងស្លាប់ដោយរងនូវឧបទេវហេតុ គ្រោះថ្នាក់ចរាចរណ៍។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះ សុខ ស្រីពៅ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំកំបូល និងមានស្រុកកំណើត នៅភូមិចំប៉ី ឃុំចំប៉ី ស្រុកបន្ទាយមាស ខេត្ដកំពត និងបម្រើការងារជាអ្នកផ្ដល់ព័ត៌មាន នៅសាលាបង្រៀនភាសាមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សុខ ស្រីពៅ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណ:ដែលនាងបានជិះម៉ូតូជាមួយបុរសជាគូដណ្ដឹង ឌុបគ្នាចេញពីភ្នំពេញ ទៅស្រុកកំណើត ដើម្បីប្រារព្ធពិធីភ្ជាប់ពាក្យអ្នកទាំង២ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។

បើតាមការ បញ្ជាក់ពីមិត្តភក្តិរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះ នារីរងគ្រោះ បានសុំច្បាប់ឈប់សម្រាក ដើម្បីធ្វើដំណើរទៅស្រុកជាមួយគូដណ្ដឹង ក្នុងបំណងទៅភ្ជាប់ពាក្យជាមួយគ្នានៅឯស្រុកកំណើតរបស់នាង ដោយបានជិះម៉ូតូម៉ាកគុបឌុបគ្នា លុះជិះមកដល់ចំណុចស្ពានក្រាំងស្វាយ តាមបណ្ដោយផ្លូវជាតិលេខ៣ ក៏ត្រូវម៉ូតូមួយគ្រឿង មិនចាំម៉ាក ស្លាកលេខ ជិះមកប៉ះដាក់ចង្កូតម៉ូតូ ធ្វើឲ្យធ្លាក់នារីរងគ្រោះ ដួលលើផ្លូវ ស្រាប់តែមានរថយន្ដតូរីស មួយគ្រឿងបើកមកពីក្រោយ បានបុកនិងកិននារីរងគ្រោះ ស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង ចំណែកខាងប្រុសជាគូដណ្តឹង មិនមានរងរបួសនោះទេ ។ក្រោយកើតហេតុ រថយន្ដបង្កបានបើកគេចខ្លួនបាត់ បន្សល់ទុកបុរសជាគូដណ្ដឹង នៅយំសោកឱបសពនារីរងគ្រោះ ដោយក្ដីស្រណោះអាល័យ នឹកដល់ថ្ងៃស្អែក គិតថានឹងបានភ្ជាប់ពាក្យនឹងគ្នា សាងជីវិតស្វាមី ភរិយា ទៅអនាគត ប៉ុន្តែផ្ទុយទៅវិញបែរជារោងជ័យ ក្លាយទៅជារោងបុណ្យសពទៅវិញ!.. ធ្វើឲ្យបេះដូងរបស់បុរសជាគូរដណ្តឹង រឹតតែនឹកស្រណោះ អាល័យ ម្ចាស់បេះដូងដែលខ្លួនស្រឡាញ់ គិតតែពីគេងឱបសពគូដណ្ដឹង យំរហូតដល់ភ្លេចបាយ ភ្លេចទឹក!.. ។

ដោយក្តីស្រឡាញ់ ភាពអាលោះ អាល័យ ភាពស្តាយស្រណោះ របស់គូស្នេហ៍ដ៏កម្សត់ខាងលើនេះ បានធ្វើឲ្យសាច់ញាតិ មិត្ដភក្តិ រឹតតែសង្វែកចិត្ត អាណិតនឹកដល់គូរស្នេហ៍១គូរនេះ មិនគួរណាព្រហ្មលិខិត មកកម្រិតបំបែកខាងស្រី ចេញពីដើមទ្រូងបុរសដែលនាងស្រឡាញ់ ទួញយំ ដូចអកព្រាត់គូបែបនេះឡើយ!… ។

បច្ចុប្បន្នសាកសពនារីរងគ្រោះកំពុងត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី សូមឱ្យវិញ្ញាណក្ខ័ន្ធរបស់នាង បានទៅកាន់សុគតិភព ផងទៅចុះ!.. ៕

ដេកអោបសព

ដេកអោបសព

ដេកអោបសព

ដេកអោបសព

មតិយោបល់