(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខនុយក្លេអ៊ែរសកល ជាមួយមហាអំណាចនានាក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនោះ បានអំពាវនាវឲ្យភាគីពាក់ព័ន្ធ ទាំងអស់ ឈប់បន្ថែមកម្តៅទៅលើបញ្ហា ដែលកំពុងតែក្តៅគគុកស្រាប់នៅហើយនៅតំបន់ឧបទ្វីបកូរ៉េ ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០១៦។
លោក ស៊ី បានថ្លែងដូចខាងលើនេះ នៅចំពោះមុខប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និង ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឿនហេ ដែលជាកិច្ចប្រជុំត្រីភាគីដាច់ដោយឡែកមួយ ពីកិច្ចប្រជុំកំពូលស្តីពីសន្តិសុខនុយក្លេអ៊ែរលើកទីបួន (NSS)។
ចំពោះបញ្ហានុយក្លេអ៊ែរនៅតំបន់ឧបទ្វីបកូរ៉េ មិនមែនជារបៀបវារៈនៅក្នុងកិច្ចប្រជុំខាងលើនេះ ឡើយ ប៉ុន្តែដោយសារតែប្រទេសមួយចំនួនក្នុងកិច្ចប្រជុំកំពុងជាប់ពាក់ព័ន្ធរឿងនេះ ប្រទេសចិនក្នុង នាមជាអ្នកជិតខាងកូរ៉េខាងជើង បានសំណូមពរប្រទេសនានាគួរតែរក្សាឲ្យបាននូវសន្តិភាព និង ស្ថិរភាពនៅឧបទ្វីបកូរ៉េ ហើយគួរតែប្រើប្រាស់វិធីដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និង ចរចា។
គួរបញ្ជាក់ថា មេដឹកនាំប្រទេសចំនួនជាង ៥០ បានមកជួបប្រជុំគ្នាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួម កិច្ចប្រជុំកំពូលស្តីពីសន្តិសុខនុយក្លេអ៊ែរ ដែលក្នុងនោះមានមេដឹកនាំមកពី ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន បារាំង ឥណ្ឌា ម៉ិចស៊ិកូ អង់គ្លេស កាណាដា អ៊ីតាលី អាហ្សង់ទីន កាហ្សាក់ស្ថាន និងប្រទេស មួយចំនួនធំទៀតដែលពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ។ ដោយឡែកប្រទេសរុស្ស៊ី បានជូនដំណឹងមក តាំងពីខែតុលា ឆ្នាំ២០១៥ មកម្ល៉េះ ថាខ្លួននឹងមិនបានចូលរួមកិច្ចប្រជុំនេះឡើយ៕
ព័ត៌មានជាតិ
មតិយោបល់