ភ្នំពេញៈ នាវេលាម៉ោង០៣និង០០នាទីទៀបភ្លឺថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពប្លន់ម៉ូតូនិងទូរស័ព្ទដៃពីនារីម្នាក់ ខណៈនាងកំពុងឈប់ចាំសង្សារចេញពីធ្វើការ ប៉ុន្តែមិនបានសម្រេច និងដកកាំភ្លើងបាញ់អ្នកដេញតាមបណ្តាលឲ្យត្រូវរងរបួសម្នាក់ ទីតាំងនៅមុខផ្សារទំនើបអ៊ីដិន ស្ថិតតាមបណ្តោយផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាស្កុពី ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរចេញពីផ្ទះនៅម្តុំពោតិ៍ចិនតុង ទៅយកសង្សារចេញពីធ្វើការនៅផ្សារទំនើបអ៊ីដិន ។ លុះពេលទៅដល់នាងបានអង្គុយចាំសង្សារនៅលើម៉ូតូត្រង់ចិញ្ចើមផ្លូវ ពេលនោះមានសភាពស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យ០២ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម បានមកពីក្រោយនាងពន្លត់ម៉ាស៊ីនម៉ូតូតាំងពីចម្ងាយមកឈប់ក្បែរនាង បានធ្វើសកម្មភាពប្លន់ដេញជនរងគ្រោះឲ្យចុះពីលើម៉ូតូ រួចជនសង្ស័យម្នាក់បានឡើងជិះបញ្ឆេះម៉ូតូរបស់នាង និងទាររកទូរស័ព្ទដៃ តែជនរងគ្រោះមិនព្រមអោយ ហើយនាងបានដើរចេញឆ្ងាយពីម៉ូតូ ហើយម៉ូតូក៏បានរលត់ម៉ាស៊ីន ព្រោះម៉ូតូរបស់ជនរងគ្រោះជាប្រភេទស្មាតឃ៊ី ពេលនោះជនរងគ្រោះក៏បានស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ និងប្រជាជនពលរដ្ឋនៅក្បែរនោះ ហើយជនសង្ស័យក៏ភ័យស្លន់ស្លោ បានទុកម៉ូតូជនរងគ្រោះចោល រួចក៏បានរត់ឡើងជិះម៉ូតូបក្ខពួកគេចខ្លួន ។ ពេលនោះមានអ្នកដឹកជញ្ជូនទំនិញអនឡាញ១ក្រុម ឃើញហេតុការណ៍បាននាំគ្នាជិះម៉ូតូ៧ទៅ៨គ្រឿងដេញនិងស្រែកថាចោរៗ តាមពីក្រោយធ្វើឲ្យជនសង្ស័យដកកាំភ្លើងបាញ់គំរាមបួនទៅប្រាំគ្រាប់ ហើយក្រុមអ្នកដឹកជញ្ជូនអនឡាញក៏បានបន្តដេញតាមពីក្រោយជនសង្ស័យ ហើយជនសង្ស័យដកកាំភ្លើងបាញ់បន្ថែមទៀត បណ្ដាលឲ្យត្រូវម្នាក់រងរបួស ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ បាននាំនារីរងគ្រោះដែលជាម្ចាស់ម៉ូតូ ទៅធ្វើការសាកសួរ និងដាក់ពាក្យបន្តឹង ងាយស្រួលដល់សមត្ថកិច្ច ធ្វើការស្រាវជ្រាវ ស្វែងរកចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕





មតិយោបល់