ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី៣ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយពីរូបគេបានជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់យកទូរសព្ទដៃស៊េរីទំនើប១គ្រឿង ម៉ាក SAMSUNG CALACY S7 edge ពីស្ត្រីម្នាក់ ពេលនាងកំពុងតែឈរកាន់នៅនឹងដៃ ហើយត្រូវបានប្តីរបស់គេមកទាន់ជិះម៉ូតូដេញបុកផ្តួលនោះ។ ករណីចោរឆក់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ១១៣ ផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីនគរបាលបានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ស៊ិន ពុទ្ធបញ្ញារិទ្ធ ហៅ រិទ្ធ អាយុ ២៧ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅផ្ទះលេខ ១EG ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានឃាត់ខ្លួនក្រោយពីរូបគេជិះម៉ូតូម៉ាកយ៉ាម៉ាហា SIRIUS ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ១BW-៨៣៨២ មួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទដៃ១គ្រឿងពីស្ត្រីម្នាក់ដែលកំពង់តែឈរកាន់និយាយនោះ។ មុនពេលកើតហេតុ ខណៈពេលដែលស្ត្រីរងគ្រោះកំពុងតែឈរចាំប្តីរបស់ខ្លួនមកទទួល ហើយកាន់និយាយនៅចំណុចខាងលើនោះ ក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូមកឆក់យកទូរសព្ទពីដៃនាង ស្របពេលនោះប្តីរបស់នាងក៏មកទាន់ និងជិះម៉ូតូដេញបុកផ្តួល ចាប់ប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍បឹងកេងកងទី៣តែម្តង។
ក្រោយពេលកើតហេតុ ទូរសព្ទដៃ១គ្រឿងនោះត្រូវបានប្រគល់ឲ្យស្រ្តីរងគ្រោះវិញ ចំណែកឯបុរសជាជនសង្ស័យ រួមទាំងម៉ូតូដែលបានជិះធ្វើសកម្មភាពត្រូវបាននាំទៅកាន់នគរបាលប៉ុស្តិ៍បឹងកេងកងទី៣ ធ្វើការសាកសួរ និងកំណត់ហេតុ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្ត៕





មតិយោបល់