ព័ត៌មានជាតិ

លុចស៊ីស RX400n ពន្លះក្បាលនាគចែកទ្រូង បាក់១កង់ ហើយផ្ទប់និងបង្គោលភ្លើងស្តុបក្រឡាប់ផ្ងារជើងច្រង៉ាង

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូង និងទៅបុកផ្ទប់បង្គោលភ្លើងស្តុប រងការខូចខាត ចំណែករថយន្តក្រឡាប់ផ្ងារជើង សំណាងល្អម្ចាស់រថយន្តរងរបួសស្រាល។

ហេតុការណ៍គ្រោះនេះ កើតឡើងនៅវេលាម៉ោង១ និង៤០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី៦ ខែកក្ដដា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខសាលាបឋមសិក្សាជំពូវន្ត័ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ បើករថយន្តលុចស៊ីសRX400n ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S 0144 បើកដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិចបោះយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតមកខាងឆ្វេងជ្រុល ទៅបុកក្បាលនាគចែកទ្រូង ប៉ើងប្រមាណជាងដប់ម៉ែត្រ ហើយរថយន្តទៅផ្ទប់ជាមួយបង្គោលភ្លើងស្តុប បណ្ដាលរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុម្ចាស់រថយន្ត បានលូនចេញពីក្នុងរថយន្តឡើងកង់បី បើកគេចបាត់បន្សល់ទុករថយន្តបង្ក នៅកន្លែងកើតហេតុ។

បន្ទាប់មកក៏មានសមត្ថកិ្ចមូលដ្ឋាន ទាក់ទងជំនាញមកវាស់វែង ស្ទូចរថយន្តបង្កទៅកាន់ចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួន មកដោះស្រាតតាមផ្លូវច្បាប់៕

មតិយោបល់