ភ្នំពេញៈ មន្រ្តីក្រុមការងារបច្ចេកទេសរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធទទួលព័ត៌មាន(TWG-A21) ចំនួន៦០នាក់មកពីក្រសួងព័ត៌មានក្រសួងយុត្តិធម៌ ក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងតំណាងអង្គការសង្គមស៊ីវិលបានទទួលវគ្គបណ្តុះបណ្តាល អំពីតួនាទីនិងភារកិច្ចរបស់ការិយ៉ាល័យព័ត៌មាន អ្នកផ្តល់ព័ត៌មាន និងដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការសម្ងាត់រដ្ឋ ការអនុវត្តល្អ និងស្តង់ដារអន្តរជាតិ ដែលបានអនុវត្តនៅប្រទេសបារាំង អាមេរិក និងជប៉ុន។
ការបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៨-៩ខែកញ្ញានេះនៅសណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញ ដោយមានវាគ្មិនមកពីការិយ៉ាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស (OHCHR) អង្គភាពប្រឆាំងអំពើពុករលួយ អង្គការតម្លាភាព ក្រសួងមហាផ្ទៃនិងសាស្រ្តាចារ្យមកពីសកលវិទ្យាល័យបញ្ញាសាស្រ្ត ធ្វើបទបង្ហាញអំពី ការការពារអ្នកផ្តល់ព័ត៌មាន និងការសម្ងាត់រដ្ឋ។
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោក ហ៊ុយ សារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក ខៀវ កាញ្ញារិទ្ធបាន បានឱ្យដឹងថា វគ្គនេះផ្តល់ចំណេះដឹងកាន់តែច្បាស់អំពីនិតិវិធី និងបញ្ញត្តិច្បាប់លើការការពារអ្នកផ្តល់ព័ត៌មាន និងការងារសម្ងាត់រដ្ឋ ស្របពេលដែលក្រុមការងារ TWG-A21 បានពិភាក្សាពិនិត្យកែលម្អរនូវមាត្រាមួយចំនួនជាបន្តបន្ទាប់ ជាពិសេសជំពូកទី៤ ស្តីពីព័ត៌មានសម្ងាត់ និងជំពូកទី៥ស្តីពីកិច្ចការពារនៃការផ្តល់ព័ត៌មាន ដែលធានាសម្រេចបានសេចក្តីព្រាងច្បាប់មួយស្របតាមស្តង់ដាអន្តរជាតិនិងមានប្រសិទ្ធភាពខ្ពស់។
លោកថា មកដល់ពេលនេះក្រុមការងារ TWG-A21 បានចែករំលែកលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងបទពិសោធន៍ការងារពាក់ព័ន្ធ មកពិគ្រោះយោបល់ ដើម្បីពិភាក្សា និងកែលំអរលើសេចក្តីព្រាងច្បាប់នេះ ។ ក្រុមការងារបានពិនិត្យ និងឯកភាពលើមាត្រា១៥ជំពូក៣ស្តីពី នីតិវិធីនៃការសុំនិងជំពូកបន្ទាប់ៗ រហូតដល់សេចក្តីព្រាងច្បាប់នេះ បានក្លាយជាច្បាប់ជាធរមាន។
ប្រធាននាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ លោក អ៊ុក សារ៉ូត បានពន្យល់ថា ការសម្ងាត់រដ្ឋ គឺជាព័ត៌មានទាំងឡាយណាស្តីពីហេតុការណ៍ ឯកសារ វត្ថុ ទីកន្លែង ពេលវេលា ការនិយាយស្តី ដែលមានខ្លឹមសារសំខាន់ នៅក្នុងវិស័យការពារជាតិ ណការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាស្រ្ត បច្ចេកទេស និងវិស័យផ្សេងៗទៀត ដែលរដ្ឋមិនប្រកាសជាសាធារណៈ ឬមិនទាន់ប្រកាសជាសាធារណៈ បើសិនត្រូវបែកធ្លាយវាបង្ករការគ្រោះថ្នាក់ដល់រដ្ឋ។
លោកបញ្ជាក់ថា គោលការណ៍នៃការសម្ងាត់រដ្ឋ ជាវិធានការមួយដ៏មានសារៈសំខាន់បំផុត ដើម្បីធានាការពារឱ្យបានដាច់ខាត មិនឱ្យបែកធ្លាយ ឬលំហូរ(ភាយ)ការសង្ងាត់រដ្ឋដោយចេតនា ឬអចេតនា ដែលធ្វើឱ្យប៉ះពាល់ឬនាំឱ្យខូចខាតដល់បូរណៈភាព អធិបតេយ្យភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈសន្តិសុខសង្គម ការកសាងនិងការពារជាតិ។ រាល់អំពើទាំងឡាយណាដែលធ្វើឱ្យបែកការណ៍ បែកធ្លាយ លួច ទិញ លក់ ឬ បំផ្លាញចោល ដោយខុសច្បាប់នូវការសម្ងាត់ និងការរំលោភបំពាន ការសម្ងាត់រដ្ឋត្រូវហាមឃាត់។
សាស្រ្តាចារ្យសាកលវិទ្យាល័យបញ្ញាសាស្រ្ត លោក Raymond Leos លើកឡើងថា សម្រាប់វគ្គបណ្តុះបណ្តាលលើកនេះ ការសម្ងាត់របស់រដ្ឋ ជាប្រធានបទសំខាន់ និងត្រូវបានសិក្ខាកាម យកចិត្តខ្លាំងជាគេ។ លោកពន្យល់ថា ការសម្ងាត់រដ្ឋចែកចេញជា៣ គឺ សម្ងាត់ដាច់ខាត សម្ងាត់ណាស់ និងការសម្ងាត់៕
មតិយោបល់