ប៉ៃលិនៈ បើតាមការឲ្យដឹងពី លោក អនុសេនីយ៍ទោ វ៉ន វាសនា ស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា មានករណីលង់ទឹកមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានចុះបង់សំណាញ់រកត្រី ត្រូវបានទឹកហូរកួច បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៧និង ៣០នាទី ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចសំណង់ទប់ទឹក ស្ថិតក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់ខាងលើនេះ មានឈ្មោះ សំ រឿម ហៅទៀម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះចុះបង់សំណាញ់នៅកន្លែងទឹកដែលហូរខ្លាំង បណ្តាលឲ្យធ្លាក់ជនរងគ្រោះចូលទៅក្នុងទឹក កួចចូលលូបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់