បន្ទាយមានជ័យៈ ជីសញ្ញាក្បាលគោខុសច្បាប់ជាង៨តោន ដែលនាំចូលតាមច្រកតំបន់សំពៅលូន និងច្រករបៀងធ្នង់ ស្រុកថ្មពួក ត្រូវបានបង្រ្កាបដោយមន្ត្រីការិយាល័យនីតិកម្មនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ។
ជីសញ្ញាក្បាលគោនាំពីប្រទេសថៃខុសច្បាប់ទាំងនោះដឹកតាមរថយន្តយីឌុប១គ្រឿងចេញពីច្រកតំបន់សំពៅលូន ខេត្តបាត់ដំបង និងដឹកតាមរថយន្តកាមរី១គ្រឿងទៀត ចេញពីច្រករបៀងធ្នង់គ្រប់គ្រង ដោយយោធាវរៈ៥០៥ ចំណុះសឹករងខេត្តបន្ទាយមានជ័យ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក សរុប១៧១ការ៉ុង ស្មើនិងទម្ងន់ជាង៨តោន ត្រូវបង្រ្កាបបាន ខណៈដែលរថយន្តទាំង២គ្រឿង បើកដឹកជីសញ្ញាក្បាលគោចេញពីច្រកព្រំដែនខាងលើឆ្លងកាត់ខេត្តបន្ទាយមានជ័យបម្រុងយកលក់ចែកចាយតាមដេប៉ូលក់សម្ភារៈកសិកម្មក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
មន្រ្តីជំនាញចេញបង្រ្កាបរថយន្តទាំង២គ្រឿងបានធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា រថយន្តយីឌុបដឹកចេញពីច្រកតំបន់សំពៅលូន ដែលមានម្ចាស់ឈ្មោះ អ៊ូ អ៊ុ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក មន្រ្តីជំនាញបង្រ្កាបនៅចំណុចកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ មន្រ្តីជំនាញឆែកឆេររកឃើញជីសញ្ញាក្បាលគោចំនួន១៣០ការ៉ុង ស្មើនិងជាង ៦តោន។ ចំពោះរថយន្តកាមរីដឹកចេញពីច្រករបៀងធ្នង់ដែលមានម្ចាស់ឈ្មោះ ប៉ឺយ ឆាយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ធ្វើឡើងនៅ ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំមួយ កន្លែងជាប់ព្រំប្រទល់ រវាងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មន្រ្តីជំនាញឆែកឆេររកឃើញដកហូតបានជីសញ្ញាក្បាលគោចំនួន៤១ការ៉ុង ស្មើនិងទម្ងន់ជាង២តោន។
ការបណ្តែតបណ្តោយឲ្យមានការនាំចូលជីកសិកម្មខុសច្បាប់ខាងលើ ត្រូវគេមើលឃើញថា មន្រ្តីប្រចាំច្រកទាំងនោះកំពុងតែបំពានទៅនិងវិធានការ និងបទបញ្ជារបស់សម្តេចជោ សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងឱកាសសម្តេចអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពងខ្ពស់បិទអង្គសន្និបាតប្រចាំឆ្នាំ២០១៦ លើទិសដៅការងារឆ្នាំ២០១៧របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទកាលពីពេលកន្លងទៅថ្មីនេះៗ។ សម្តេចបានបញ្ជាឲ្យក្រសួងកសិកម្ម ត្រូវពិនិត្យ និងពង្រឹងទប់ស្កាត់នៃការនាំចូលជីកសិកម្ម និងថ្នាំកសិកម្ម ខុសច្បាប់នាំពីប្រទេសជិតខាង ឲ្យមានប្រសិទ្ធភាព។ សម្តេចបានបញ្ជាក់ពីគុណវិបត្តិរបស់ជី និងថ្នាំកសិកម្មទាំងនោះថា ជី និងថ្នាំក្លែងក្លាយ បើសិនប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់បង្កការប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម និងគ្រោះមហន្តរាយផ្សេងៗ។
លោក សេង ម៉េង ប្រធានការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរ កសិកម្មខេត្តបន្ទាយមាន ជ័យប្រាប់ឲ្យដឹងថា ការបង្រ្កាបជីកសិកម្មនាំចូលខុសច្បាប់ គឺក្នុងវិធានការរឹតបន្តឹងទប់ស្កាត់ការនាំចូលជី និងថ្នាំកសិកម្មខុសច្បាប់ ដើម្បីបញ្ចៀសបញ្ហាកើតឡើង បណ្តាលឲ្យខាតបង់ផលប្រយោជន៍ប្រជាកសិកររបស់យើង។ ជីសញ្ញាក្បាលគោខាងលើគ្មានលិខិតនាំចូលពីក្រសួងកសិកម្ម និងគ្មានស្លាកសញ្ញាព័ត៌មានជាភាសារខ្មែរចាត់ទុកជាជីនាំចូលខុសច្បាប់ ហើយជាជីគ្មានប្រភពច្បាស់លាស់ អាចជាជីក្លែងក្លាយ ឬជីគ្មានគុណភាព។ យោងតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំ និងជីកសិកម្មមាត្រា១០៧ ជននាំចូលជីខុសច្បាប់ ត្រូវទទួលផាកពិន័យអន្តរកាល បង់ចូលរដ្ឋជាប្រាក់ ចំនួន៥ លានទៅ១០លានរៀល។
សូមបញ្ជាក់ថា ជីសញ្ញាក្បាលគោ គឺមានតែក្រុមហ៊ុនលឹមប៊ុនហេង ត្រេឌីង មួយប៉ុណ្ណោះ ដែលមានសិទ្ធិនាំចូលផ្តាច់មុខស្របច្បាប់មានការបង់ពន្ធចូលរដ្ឋត្រឹមត្រូវ នៅលើសំបក ការ៉ុងមានសរសរស្លាកសញ្ញាព័ត៌មានជាភាសារខ្មែរ និងមានការអនុញ្ញាតិពីក្រសួង កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ៕
មតិយោបល់