ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សចំនួន៧នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងករណគ្រោះថ្នាក់ចរាចរ២ផ្សេងគ្នា កាលពីវេលាយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចខាងលិចរង្វង់មូលគួចកាណុងកាំភ្លើងស្តាតចាស់ ផ្លូវលេខ៧០ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានដែលបានឃើញហេតុការណ៍គ្រោះថ្នាក់នោះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកនិចពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 1CK-0796 ជិះតែម្នាក់ឯងតាមបណ្តោយលេខ៧០ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ដោយសារផ្លូវងងឹតមើលមិនសូវច្បាស់ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-4266 ជិះតែម្នាក់ឯងដូចគ្នាដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាមទាំងសងខាង ហើយភ្លាមៗនោះក៏ត្រូវបានគេហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះ២នាក់នោះយកទៅព្យាបាលភ្លាមៗផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីម៉ូតូ២គ្រឿងនោះបុកគ្នាហើយ ខាងបងប្អូនអ្នកជិះម៉ូតូម៉ាកនិច បានមកដល់កន្លែងកើតហេតុ និងបានឈរនិយាយ សួរនាំជាមួយសមត្ថកិច្ចដែលកំពុងធ្វើចរាចរណ៍កណ្តាលផ្លូវ ស្រាប់តែមានបុរសស្រវឹងស្រាម្នាក់ទៀត ដែលជិះម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT-6911 ក្នុងល្បឿនលឿន មកបុកចំសាច់ញាតិជនរងគ្រោះ ដែលជិះម៉ូតូម៉ាកនិចនោះ បណ្តាលឲ្យរងរបួសបាក់ជើងឆ្វេងម្នាក់ទៀត ហើយត្រូវបានដឹកតាមម៉ូតូកង់បីយកទៅព្យាបាលនៅក្លីនិចឯកជនផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានធ្វើការវាស់វែងយកម៉ូតូទាំង៣ រួមទាំងអ្នកបើកម៉ូតូម្នាក់ទៅអធិការដ្ឋានខណ្ឌដើម្បីសួរនាំ និងរង់ចាំដោះស្រាយនៅពេលក្រោយ។
ដោយឡែកករណីគ្រោះថ្នាក់មួយទៀតបានកើតឡើងកាលពីវេលាម៉ោង១និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៦ នៅចំណុចផ្លូវនរោត្តមកែងផ្លូវលេខ១៣៦ក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ បណ្តាលឲ្យរងរបួសធ្ងន់២ និងស្រាលម្នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីទីម៉ូតូម៉ាកC ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ១ Bw-១៥ ៧០ បើកបរដោយឈ្មោះ ទុយ ផល្គុនសភត្រា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិតស្នាក់នៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ចំណែកភាគីម្ខាងទៀតម៉ាកC១០០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១ BR-៩៥៩៩ បើកបរដោយឈ្មោះ រី សំបូរ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរនិស្សិតស្នាក់ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់នេះមកពីម៉ូតូម៉ាកC១២៥បើកបត់ស្តាំខ្វះការប្រុងប្រយ័ត្នទើបបុកគ្នារបួសដូច្នេះតែម្តង៕
មតិយោបល់