ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ ករណីឃាតកម្មបាញ់សម្លាប់មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រកឃើញកន្លែងលាក់ខ្លួនជនសង្ស័យ តែមិនព្រមប្រគល់តាមសម្រួល ថែមទាំងបាញ់តដៃ ត្រូវសមត្ថកិច្ចប្រើសិទ្ធិការពារបាញ់សម្លាប់នៅកន្លែងកើតហេតុ

ក្រចេះ: កិច្ចប្រតិបត្តិការបង្រ្កាបករណីឃាតកម្មបាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០០និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយពីមានហេតុការណ៍បាញ់សម្លាប់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ២៥ឆ្នាំ (អ្នកបើករថយន្ត) នៅចំណុចផ្ទះជួលក្បែរវត្តទួលតាឯក ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ បានគេចទៅលាក់ខ្លួន នៅក្នុងភូមិសាស្រ្តខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។

រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូតដល់ កំណត់បានទីតាំងលាក់ខ្លួន របស់ជនសង្ស័យ ហើយបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋានគរបាលខេត្តក្រចេះ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០៣២ វ ដ វ ន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់លោក លិ សុផាចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។ នៅវេលាម៉ោង១៧និង៤៦នាទី កម្លាំងសមត្ថកិច្ចបានប្រទះឃើញ ជនសង្ស័យនៅចំណុច មាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចម្ការស្វាយចន្ទី ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះហើយសមត្ថកិច្ច បានឲ្យជនសង្ស័យប្រគល់ខ្លួនតាមសម្រួល ប៉ុន្តែខណៈពេលនោះ ជនសង្ស័យរឹងរូសមិនព្រមប្រគល់ខ្លួន និងបានបាញ់មកលើ សមត្ថកិច្ច ។ ភ្លាមនោះសមត្ថកិច្ចបានប្រើសិទ្ធិការពារខ្លួន ដោយបាញ់តបតគ្នាទៅវិញទៅមក បណ្តាលឲ្យជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។

វត្ថុតាងដកហូតមាន៖ អាវុធខ្លីមួយដើម ម៉ាក CZ 75B លេខ 5493V ពណ៌ទឹកប្រាក់ មួយដើម ។

បច្ចុប្បន្នសាកសពបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ចែងតាមនីតិវិធី ។ អាស្រ័យហេតុនេះ សូម សាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន៕

មតិយោបល់