កំពង់ចាមៈ ឧបករណ៍ល្មើសច្បាប់នេសាទ ដៃសាច់មងក្រឡាញឹកធំៗចំនួន២កន្លែង ត្រូវបានខ្សែស្រឡាយអ្នកមានលុយ និងមានអំណាចដាក់កាត់ទទឹងមាត់ព្រែកពាមក្នុង អតីតតំបន់ឡូត៍នេសាទលេខ២ ស្ថិតនៅក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដោយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញមិនហ៊ានបង្ក្រាបសោះឡើយ ខណៈតំបន់ឡូត៍នេសាទខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាលរំលាយចោល ទុកឲ្យប្រជាពលរដ្ឋធ្វើការនេសាទជាលក្ខណៈគ្រួសារ។
ប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ឧបករណ៍ល្មើសច្បាប់នេសាទ ដៃសាច់មងក្រឡាញឹកដ៏ធំ១ ត្រូវបានគេបោះបង្គោលយ៉ាងរឹងមាំ ដាក់កាត់ទទឹងមាត់ព្រែក នៅចំណុចតំបន់គោដេក ស្ថិតក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ដោយមានលោកឧកញ៉ាម្នាក់នៅក្នុងមូលដ្ឋានជាខ្នងបង្អែក។ ចំណែកឧបករណ៍ល្មើសច្បាប់នេសាទដ៏ធំ១កន្លែងទៀត ជាដៃសាច់មងក្រឡាញឹកដូចគ្នា ត្រូវបានឈ្មោះហ៊ុច ដែលជាបងប្រុសរបស់លោកធំម្នាក់ធ្វើការនៅសាលាខេត្តកំពង់ចាម បានបោះបង្គោលយ៉ាងរឹងមាំ ដាក់កាត់ទទឹងមាត់ព្រែក នៅចំណុចធ្នស់ចាស់ ស្ថិតក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភពបានបន្តថា ឧបករណ៍ល្មើសច្បាប់នេសាទទាំង២កន្លែងខាងលើ ត្រូវបានគេឃុបឃិតគ្នាដាក់នៅក្នុងតំបន់អតីតឡូត៍នេសាទលេខ២ ដែលត្រូវរាជរដ្ឋាភិបាលរំលាយចោល ទុកឲ្យប្រជាពលរដ្ឋធ្វើការនេសាទជាលក្ខណៈគ្រួសារ ដោយបច្ចុប្បន្នប្រជាពលរដ្ឋមិនអាចធ្វើការនេសាទបានទៀតទេ ព្រោះដៃសាច់មងក្រឡាញឹកនេះ ដាក់បង្ខាំងកាត់ទទឹងពេញមាត់ព្រែកតែម្ដង ដើម្បីប្រមូលចាប់យកត្រីតូចធំគ្រប់ប្រភេទ គ្មានសេសសល់ទៀតឡើយ។
ក្នុងករណីនេះ អាជ្ញាធរស្រុកកងមាសបានរាយការណ៍ទៅរដ្ឋបាលជលផលខេត្ត ឲ្យចុះទៅធ្វើការត្រួតពិនិត្យម្ដងរួចមកហើយ តែមិនដឹងជាយ៉ាងម៉េច បានជាគេនៅតែហ៊ានដាក់បន្តទៀត។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមបានប្រាប់ឲ្យដឹងតាមទូរសព្ទនៅល្ងាចថ្ងៃទី១៨ វិច្ឆិកានេះថា លោកបានចាត់តាំងកម្លាំងក្រោមឱវាទឲ្យចុះទៅត្រួតពិនិត្យរួចរាល់ហើយ កាលពីថ្ងៃទី១៧ វិច្ឆិកា ២០១៦ ដោយធ្វើការហាមឃាត់មិនឲ្យប្រើប្រាស់ឧបករណ៍ល្មើសច្បាប់នេសាទ ដាក់នៅចំណុចខាងលើនេះតទៅទៀតទេ តែគេនៅតែលួចដាក់ទៀតលោកមិនដឹងទេ សុំឲ្យអ្នកសារព័ត៌មានជួយចុះទៅពិនិត្យផង៕







មតិយោបល់