ព័ត៌មានជាតិ

ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ក្នុងនោះម្នាក់ជាមន្ដ្រីយោធា

(កំពង់ស្ពឺ)៖ ​កម្លាំង​នគរបាល​ ស្រុក​សំរោង​ទង​ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​ ​បានធ្វើ​ការ​ឃាត់​ខ្លួន​ មន្ត្រី​យោធា​ម្នាក់​​ ​រួម​​ជាមួយ​គ្រឿងញៀន​ចំនួន ១៣​កញ្ចប់ ​​តូច​ចំនួន​០៩ មធ្យម ០២​កញ្ចប់​ និង​ធំ ០១​កញ្ចប់ ​និង​បន្ត​នីតិ​វិធី ​ឆែកឆេរ​បន្ទប់​ផ្ទះ​ជួល​ នៅ​ស្រុក​អង្គ​ឈ្នួល ខេត្តកណ្តាល ​ឃាត់ខ្លួន​ស្រី​ម្នាក់ រឹប អូរ​បាន​គ្រឿងញៀន ​០២​កញ្ចប់​តូច​ និង​សម្ភារៈ​ជាច្រើន​ទៀត ។
ករណី​បង្ក្រាប​នេះ​ កាលពី​វេលា​ម៉ោង​១០ និង ៤៥​នាទី ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦​ ស្ថិតក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ​ស្រុក​សំរោង​ទង ​ ខេត្តកំពង់ស្ពឺ​ នឹងបន្ត​នីតិ​វិធី​ឆែកឆេរ​ផ្ទះ​ជួល​​មួយកន្លែង ក្នុង​ឃុំ​បែក​ចាន​ ស្រុក​អង្គ​ឈ្នួល​ ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ទៀត ​ត្រូវជា​សង្សារ ​យក​មកកាន់​អធិការ​នគរបាល ស្រុក​សំរោង​ទង​ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី ។
​លោក​អនុសេនីយ៍ឯក ​យន់ វន មេ​ប៉ុស្តិ៍​រដ្ឋបាល ត្រពាំង​គង ប្រាប់ថា ​ជនសង្ស័យ​មានឈ្មោះ​ ថ្លាង សុភី​ អាយុ​៣៧​ឆ្នាំ ស្លៀកពាក់​ឯកសណ្ឋាន​កង​យោធ​ពល​ខេមរភូមិន្ទ​ មុខរបរ​មិន​ពិតប្រាកដ ​មាន​ទីលំនៅ​ភូមិ​អូរ​ក្រាំង​អំបិល ​ឃុំ​ត្រពាំង​គង ​និង​បាន​ជួល​ផ្ទះ​ស្នាក់នៅ​ជាមួយ​ស្រី​ស្នេហ៍ ។ ​ចំណែក​ស្រី​ស្នេហ៍​ដែល​សមត្ថកិច្ច​ទៅ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​មាន ឈ្មោះ ​រឿន ស្រីមុំ ភេទ​ស្រី អាយុ ២៧​ឆ្នាំ មុខរបរ​បំ​រើ​ការងារ​ក្នុង​ហាង​ផឹកស៊ី​មួយ​នៅ​ស្រុក​អង្គ​ឈ្នួល​ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ជ្រៅ ​ឃុំ​សំបួរ ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង​ រកឃើញ​ថ្នាំញៀន​ ចំនួន ០២​កញ្ចប់​តូច សម្ភារៈ​ថង់​សម្រាប់​ច្រក​គ្រឿងញៀន ​និង​ឧបករណ៍​ សម្រាប់​ប្រើប្រាស់​បាន​មួយ​ចំនួន ។

សមត្ថកិច្ច​ បាន​ប្រាប់ថា​ មុខសញ្ញា​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច ស្រាវជ្រាវ​ដាក់​ការសង្ស័យ ​និង​តាម​ដាន​ជាច្រើន​ខែ​មកហើយ​ បណ្តាញ​សម្ងាត់​បាន​រាយ​ការណ៍​មក​ច្បាស់លាស់ ក៏​ប្រទះឃើញ​សមត្ថកិច្ច​ជំនាញ​ស្រុក​មានការ​សហការ​ជាមួយ ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​ឃាត់​ខ្លួន​បាន​ភ្លាមៗ ដោយមាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ ចំនួន ១២​កញ្ចប់ ក្នុង ០៩​កញ្ចប់​តូច ​កញ្ចប់​កណ្តាល​ចំនួន ០២ និង​កញ្ចប់​ធំ ០១ ។ ប្រភព​ បន្តថា ​ក្រោយ​ចាប់ខ្លួន​សមត្ថកិច្ច​នាំទៅ​ឆែក​ផ្ទះជួល​ក្នុង​ឃុំ​បែក​ចាន ​ស្រុក​អង្គ​ឈ្នួល ដែល​ជននេះ​ បាន​ជួល​ស្នាក់​ជាមួយ​ស្រី​ស្នេហ៍​រុករក​ឃើញ ​០២​កញ្ចប់​តូច និង​សម្ភារៈ​ជា​ទៀត ដែល​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ចែកចាយ ​និង​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។​
​​បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង ០២​នាក់​ សង្សារ រួម​ទាំង​វត្ថុ តាង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​អធិការ​នគរបាល ស្រុក​សំរោង​ទង​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី ៕

   
    
    
 

មតិយោបល់