កំពតៈ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសវ័យចំណាស់ម្នាក់ ដាច់ចិត្តដុតសម្លាប់ចៅស្រីដែលទើបតែមានអាយុទើបតែ១ខែទាំងរស់ រហូតខ្លោចស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ ។
ករណីដុតចៅស្រីគ្មានក្តីអាសូរនេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។
យោងតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា ជីតាដែលជនដៃដល់ខាងលើនេះ មានឈ្មោះ សុខ ស៊ន អាយុ៥៤ឆ្នាំ បានចាប់ចៅស្រី ដែលទើបតែមានអាយុទើបតែ១ខែ មិនទាន់ស្គាល់ឈ្មោះ យកទៅដុតសម្លាប់នៅលើផ្ទះខ្លួនឯង ។
លោកស្នងការបានបន្តឲ្យដឹងថា មូលហេតុដែលឈានទៅដល់ការដុតសម្លាប់ចៅស្រីគ្មានអាសូរខាងលើនេះ គឺដោយសារតែជនដៃដល់ បានខឹងនឹងកូនស្រីដែលជាម្តាយរបស់ទារិកា ទៅរកស៊ីនៅក្រៅផ្ទះ រហូតមានប្តីមិនដឹងមុខហើយមានកូន ដែលគាត់ដុតសម្លាប់នេះ។
យ៉ាងណាមិញ ជុំវិញករណីខាងលើ លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ ចុះទៅដល់កន្លែងកើតភ្លាមៗ ដើម្បីឃាត់ខ្លួនជនដៃដល់ យកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់