ភ្នំពេញៈ នៅក្នុងសិប្បកម្មផលិតដែកសសៃមួយ ត្រូវបានម្ចាស់ទីតាំងព្យាយាម លាក់បាំងជនរងគ្រោះ ក្រោយពីត្រូវឆក់ចរន្តអគ្គិសនីរហូតដល់បាត់បង់ជីវិត។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ស្ថិតនៅសិប្បកម្មផលិតដែកសសៃ ក្នុងភូមិតាទ្បី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់បានឃើញកម្មករ នៅក្នុងសិប្បកម្មខាងលើ បានសែងជនរងគ្រោះ មកកប់និងខ្សាច់មុខផ្ទះគាត់ជាច្រើនម៉ោង ហើយពួកគាត់បានប្រាប់ថា ម៉េចក៏មិនបញ្ជូនជនរងគ្រោះទៅពេទ្យឲ្យទាន់ពេល ជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។
ទីបំផុតពេលដឹងថា យុវជនខាងលើបានដាច់ខ្យល់ស្លាប់ ម្ចាស់សិប្បកម្ម ព្យាយាមដឹកសពជនរងគ្រោះ ចេញពីកន្លែងកើតហេតុ ដោយពុំបានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចជំនាញឲ្យចុះទៅពិនិត្យនោះទេ ។
ជនរងគ្រោះខាងលើឈ្មោះ យិន សុធិ អាយុ២៤ ឆ្នាំ មុខរបរជាកីទ្បាករប្រដាល់ នៅក្លិបប្រដាល់រស្មីកុមារកំព្រា ស្នាក់នៅភូមិត្នោតជ្រំ៤ សង្កាត់បឹងជំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មកទល់ពេលនេះសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យនៅផ្ទះឪពុកម្ដាយ ក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងជំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
មតិយោបល់