ព័ត៌មានជាតិ

ផឹកចំស្រាកាច ខឹងគេអត់ផឹកជាមួយទាញដំបងវាយ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំ ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះផឹកស្រាស្រវឹង ខឹងគេអត់ផឹកជាមួយ ក៏ទាញដំបងវាយទៅលើគេ បណ្តាលឲ្យរងរបួសធ្ងន់ចំកុម្ពត្រចៀកហូរឈាមពេញខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះដែលត្រូវជនបង្កវាយបណ្តាលឲ្យរបួសខាងលើមានឈ្មោះ ស្រ៊ុន ម៉េងស៊ីម ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ រងបួសត្រចៀកខាងស្ដាំ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ស្រស់ ចាន់ដារ៉ា ហៅ យ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងផ្ទះ ស្នាក់នៅភូមិជាមួយគ្នា។ ក្នុងនោះដែរសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន ដំបងឫស្សីចំនួន០១ ប្រវែង១២០ ស.ម ទំហំប៉ុនកដៃ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៧យប់ ជនរងគ្រោះកំពុងផឹកស្រាប៊ៀរនៅផ្ទះរបស់ខ្លួន ជាមួយមិត្តភក្ដិចំនួន២នាក់ទៀត មានឈ្មោះឃ្លោក ភេទប្រុស និងឈ្មោះ ជឿង កាន ភេទប្រុស។ ខណ:កំពុងផឹកស្រាប៊ៀរស្រាប់តែជនសង្ស័យឈ្មោះ ស្រស់ ចាន់ដារ៉ា ស្ថិតក្នុងសភាពស្រវឹងស្រា បានកាន់ស្រាថ្នាំមួយដប ដើរចូលមកផឹកជាមួយជនរងគ្រោះ តែជនរងគ្រោះ មិនព្រមឲ្យផឹកជាមួយ ក៏កើតមានទំនាស់ពាក្យសម្តីគ្នា ឈានទៅដល់ការប្រតាយប្រតប់គ្នាទៅវិញទៅមក នៅពេលនោះជនសង្ស័យបានទាញដំបងឫស្សីវាយទៅលើជនរងគ្រោះមួយដំបង ចំគុម្ពត្រចៀកខាងស្ដាំ បណ្ដាលឲ្យរងរបួសហូរឈាមតែម្ដង ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបានភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានឃុំខ្លួននៅធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

មតិយោបល់