ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស្រាបៀរអង្គរបុកទៀតហើយ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ព្រះសីហនុ: បុរសម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកស្រាបៀរអង្គរបុកជាមួយម៉ូតូមួយគ្រឿងកាលពីវេលាម៉ោង​៨និង២០នាទី​យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦​ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខក្រុមហ៊ុនជីបម៉ុងឃ្លាំងលើ ស្ថិត​ក្នុង​ភូមិ1 សង្កាត់លេខ1 ក្រុង/ខេត្តព្រះសីហនុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1N-8292 ជិះឌុបគ្នា២នាក់ ធ្វើដំណើរទិសដៅឆ្លងផ្លូវពីជើងត្បូង ស្រាប់តែជ្រុលចង្កូតទៅបុកជាមួយ​រថយន្តធុន​ធំម៉ាក FUSO ពណ៌ក្រហម ស្លាកលេខ តាកែវ 3A-0809 របស់ក្រុមហ៊ុនស្រាបៀរអង្គរ ដែលធ្វើដំណើរទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ក្រោយកើតហេតុអ្នកបើកបររថយន្តបាន​គេចខ្លួនបាត់​។

ជនរងគ្រោះមាន​ឈ្មោះ ណាល់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ2 សង្កាត់លេខ3 ក្រុង/ខេត្តព្រះសីហនុ ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងអ្នករួមដំណើរឈ្មោះ យឹម សុខសាន្ត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ3 សង្កាត់លេខ3 ក្រុង/ខេត្តព្រះសីហនុ រងរបួសធ្ងន់កំពុងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានអូសយករថយន្ត និងម៉ូតូ មករក្សាទុកនៅការិយាល័នគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់